(ពោធិ៍សាត់)៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រពន្ធ ពីបទរំលោភសេពសន្ថវៈកូនបង្កើតខ្លួនឯងចំនួន ៨ដង បានសម្រេច៧ដង ចុងក្រោយបែកការត្រូវជាប់ខ្នោះសមត្ថកិច្ច។

ករណីរំលោភសេពសន្ថវៈខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១១៖៥០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចលើផ្ទះរបស់ជនសង្យ័យ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យ អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ។ ក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ ជាកូនបង្កើត។

សេចក្តីរាយការណ៍បន្តថា នាវេលាម៉ោង ០៦៖៤០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា បានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ បានប្តឹងប្តីរបស់ខ្លួន ពីបទរំលោភសេពសន្ថវៈ លើរូបកូនបង្កើត បានសម្រេចរហូតដល់ទៅ៨ដង បន្ទាប់ពីកូនរបស់ខ្លួន បាននិយាយប្រាប់ ពីសកម្មភាពរំលោភរបស់់ឪពុក ឱ្យម្តាយបានដឹង មកប្តឹងសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅលើកូនបង្កើតរបស់ខ្លួន៨ដង បានសម្រេច៧ដង ចុងក្រោយនៅថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២១ វេលា១១ និង៥០នាទីព្រឹក មិនបានសម្រេចទេ។ ជនសង្ស័យបានសារភាពបន្ថែមថា ដោយប្រពន្ធរវល់ទៅធ្វើការនៅរោងចក្រ ខ្លួនក៏ប្រលែងលេងជាមួយនឹងកូន ក៏ចាប់ផ្តើមមានអារម្មណ៍តែម្តង។

តែទោះជាយ៉ាងណាក្តី ជនសង្ស័យក៏មិនអាចរួចពីសំណាញ់ច្បាប់ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាររបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធីចាត់ការតាមច្បាប់៕