(ភ្នំពេញ)៖ បន្ទាប់ពីកញ្ញា ស្រីមុំ ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ដោយបានទទួលស្គាល់ថា បានជួបស្គាល់ និងទូរស័ព្ទជាមួយលោក កឹម សុខា ប៉ុន្តែមិនមានទំនាក់ទំនងស្នេហាជាមួយទេ, ប៉ុន្តែនៅរាត្រីកណ្តាលអាធ្រាត្រថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ ម្ចាស់ Facebook រឿងពិត CNRP បានចេញមកសម្តែងនូវការសោកស្តាយ និងហួសចិត្តយ៉ាងខ្លាំងចំពោះបញ្ហាកញ្ញា ឃុំ ច័ន្ទតារាទី ហៅ ស្រីមុំ វ័យ២៥ឆ្នាំ ដោយលើកឡើងថា ស្រីមុំនៅបន្តបោកប្រាស់បងប្អូនប្រជាពលរដ្ឋទៀត។
ម្ចាស់ហ្វេសប៊ុក រឿងពិត CNRP បានសរសេររៀបរាប់ទាំងស្រុងលើ Facebook Page របស់ខ្លួនថា៖
«ពូជាម្ចាស់ផេក រឿងពិត CNRP មានការសោកស្តាយ និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឮសំឡេងក្មួយស្រីមុំដែលរងគ្រោះដោយអំពើ បោកប្រាស់របស់លោក កឹម សុខា ហើយ តែក្មួយស្រី នៅបន្តបោកប្រាស់បងប្អូនប្រជាពលរ ដ្ឋក្នុងនិងក្រៅប្រទេសទៀតថា ក្មួយស្រីមិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខាទេ។
ពូបានស្តាប់ឮការសាកសួររបស់លោក ជុន ចាន់បុត្រ អ្នកឆ្លើយឆ្លងវិទ្យុអាស៊ីសេរី ជាមួយក្មួយស្រី នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ដើម្បីចង់បញ្ជាក់ថា តើខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នានោះ ជាសំឡេងក្មួយស្រី និយាយជាមួយលោក កឹម សុខា ពិតប្រាកដមែនដែរឬទេ។ ប៉ុន្តែ ក្មួយស្រីមិនមានភាពក្លាហាននិយាយការពិតបន្តិចសោះឡើយ ផ្ទុយទៅវិញក្មួយស្រីបានប្រកែកម្តងហើយម្តងទៀត បើទោះជាលោក ជុន ចាន់បុត្រ ក៏បានទទួលស្គាល់ថា ខ្សែអាត់សំឡេងនោះមានសំឡេងស្រដៀងទៅនឹងសំឡេងរបស់ក្មួយស្រីក៏ដោយ។
ម៉្យាងវិញទៀត ក្មួយស្រីក៏បានភូតកុហកទៀតថា ក្រោយពេលដែលរឿងនេះបានបែកធ្លាយ គឺក្មួយមិនដែលបានទាក់ទងតាមទូរស័ព្ទជាមួយលោក កឹម សុខាម្តងណាឡើយ ប៉ុន្តែផ្ទុយទៅវិញ នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយពេលដែលរឿងអាស្រូវរវាងក្មួយស្រីនឹងលោក កឹម សុខា ត្រូវបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ក្មួយស្រីរួចមក ក្មួយក៏បាននិយាយឆ្លើយឆ្លងយ៉ាងវែងអន្លាយជាមួយលោក កឹម សុខា ផងដែរ ដែលនៅក្នុងការឆ្លើយឆ្លងគ្នានោះ លោក កឹម សុខា ក៏បាននិយាយប្រាប់ក្មួយថា «បើអាមុំឯងមិនប្រាប់គេ ធ្វើម៉េចគេដឹងរឿងពិតរបស់យើង សូម្បីតែរឿងពិតដែលយើងនិយាយគ្នាតែពីរនាក់សោះ ក៏គេដឹងដែរ ហើយថែមទាំងយកសំឡេងខ្ញុំ ( កឹម សុខា) ទៅបង្ហោះផ្សព្វផ្សាយថែមទៀត» ។ ម៉្យាងវិញទៀត នៅយប់នោះលោក កឹម សុខាក៏បានណែនាំឲ្យក្មួយស្រីឆ្លើយប្រាប់ថា បើមានគេសួរ សូមប្រាប់គេថា យើងទាំងពីរនាក់គ្រាន់តែរាប់អានគ្នាធម្មតាបានហើយ»។
ដើម្បីជាភ័ស្តុតាងជាក់ស្តែងទី១ បញ្ជាក់ថា ក្មួយស្រីកំពុងភូតកុហកសាធារណមតិ ពូសូមដកស្រង់ខ្លះៗ បង្ហោះនូវសំឡេងប្រកែក របស់ក្មួយស្រីដែលសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី និងសំឡេងទាំងស្រុងដែលក្មួយស្រីឆ្លើយឆ្លងគ្នាតាមទូរស័ព្ទជាមួយលោក កឹម សុខា នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយពេលដែលរឿងអាស្រូវរបស់លោក កឹម សុខា ត្រូវបានក្មួយស្រីបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ក្មួយ ឈ្មោះ Mon Srey ដូចតទៅ៖
ស្រីស្នេហ៍លួចលាក់របស់លោក កឹម សុខា ឈ្មោះ ស្រីមុំ បានចេញមុខមកភូតកុហកសាធារណមតិ៖
Posted by រឿងពិត CNRP on Wednesday, March 9, 2016