(កំពត)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកអំណោយស្បៀងអាហារ និងសម្ភារការពារជំងឺកូវីដ១៩ ប្រគល់ជូនរដ្ឋបាលខេត្តកំពត នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

លោកបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងដោយមើលឃើញពីការចូលរួមយ៉ាងសកម្មរបស់រដ្ឋបាលខេត្តកំពត ដែលមានលោក ជាវ តាយ ជាអភិបាលខេត្ត បានខ្នះខ្នែង ស្វាហាប់ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩នេះ លោកនិងភរិយា បាននាំអំណោយជាស្បៀងអាហារ និងសម្ភារ:ខ្លះៗ មកជួយឧបត្ថម្ភដើម្បីបន្តកម្ចាត់ជំងឺកូវីដ-១៩នេះ ឲ្យអស់ពីកម្ពុជា។

ថ្លែងបន្តក្នុងពិធីប្រគល់នេះដែរ លោកបណ្ឌិត ស៊ាង ប៊ុនលាង បានបន្ថែមថា សម្ដេចតេជោ ខ្វាយខ្វល់ណាស់ពីសុខទុក្ខរបស់ប្រជារាស្ត្រគ្រប់ៗគ្នា ទាំងអស់ទូទាំងប្រទេស ខ្លាចក្រែងពលរដ្ឋមានការឆ្លងជំងឺកាចសាហាវនេះ ហើយសម្តេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ គ្មានសម្រាកស្រួលខ្លួនឡើយ ធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន មិនឲ្យមានការឆ្លងទ្រង់ទ្រាយធំជាដាច់ខាត និងឈានទៅរកការកាត់ផ្ដាច់កាចម្លងនេះមិនឲ្យរាតត្បាតតទៅមុខទៀត។

លោកបណ្ឌិតបន្តថា «ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ។ ដូច្នេះយើងទាំងអស់គ្នាត្រូវអនុវត្តឱ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងប្រទេសទាំងមូល»។

ទន្ទឹមនឹងនេះដែរ លោក ជាវ តាយ បានថ្លែងអំណរគុណដល់លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ដែលមានទឹកចិត្តសប្បុរស យល់ពីសុខទុក្ខប្រជារាស្ត្រនៅខេត្តកំពត។

គួរជម្រាបថា អំណោយដែលលោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ប្រគល់ជូនរដ្ឋបាលខេត្តកំពតរួមមាន៖ ទឹកសុទ្ធ១០០កេស, អង្ករ១០តោន, អាល់កុល ៤កាន, ជេលអាល់កុល ១៥កេស, ម៉ាស់ ៥កេស និងថវិកា ៤លានរៀល៕