(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករគ្រឿងឧបភោគបរិភោគ រួមនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩។

អំណោយសម្តេចដែលបានផ្តល់ជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានថវិកា ២០លានរៀល អង្ករចំនួន ១១,២៤០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី រួមនឹងសម្ភារអនាម័យ មានអាល់កុល សាប៊ូ ថ្នាំដុសធ្នេញជាដើម។

នៅក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺកូវីដ១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលទំាងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ព្រោះថាជំងឺកូវីដ១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទំាងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។

សម្តេចបានលើកទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួននិងបង្កើតភាពស៊ាំក្នុងសហគមន៍ ជាការការពារទប់ស្កាត់កុំឱ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។ សម្តេចបានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ និងដើម្បីឆាប់បានស្តារសង្គម និងសេដ្ឋកិច្ចប្រទេសជាតិពីវិបត្តិជំងឺរាតត្បាតនេះឡើងវិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទាំងប្រទេស កងកម្លំាងប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យជួរមុខទំាងអស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្កាត់ការពារ គ្រប់មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលានិងការនឿយហត់នោះឡើយ។ សម្តេចបានបានកោតសរសើរផងដែរ ដល់សកម្មភាពមនុស្សធម៌នានា ដែលបានកើតឡើងយ៉ាងផុលផុសនៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌និងប្រពៃណីដ៏ថ្លៃថ្នា ក្នុងសង្គមកម្ពុជាតំាងពីដើមមក។

នាឱកាសនោះដែរ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលជានិច្ចកាលសម្តេចទាំងទ្វេបានយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងតាំងពីដើមមក។

លោក ឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នៅរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ជាប្រចាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តរាល់វិធានការរដ្ឋបាល និងសុខាភិបាលយ៉ាងមុឺងម៉ាត់បំផុត ប្រកបដោយប្រសិទ្ធភាព បានទាន់ពេលវេលា ក្នុងការទប់ស្កាត់ ការពារសុខុមាលភាពប្រជាពលរដ្ឋ រក្សាសណ្តាប់ធ្នាប់ សុខសន្តិភាពសង្គម ពិសេសការចុះចែកអំណោយសង្រ្គោះបន្ទាន់ដល់ពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបិទខ្ទប់៕