(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាននៅថ្ងៃទី០៨ ខែឧសភា នេះ រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីនេះ គឺជាអ្នកបានមកធ្វើចត្តាឡីស័ក ចំណែកអ្នករួមដំណើរទាំង៨នាក់ ក៏បានកំណត់អត្តសញ្ញាណរួចហើយ។ អ្នកជំងឺរូបនេះ មានឈ្មោះ រូន រាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ វេលាម៉ោង១២៖០០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តាមរយៈរថយន្តឈ្នួល ១២កៅអី ដោយរួមដំណើរជាមួយមិត្តភក្តិម្នាក់ ដែលមានអាសយដ្ឋាននៅភូមិជាមួយគ្នា។

នៅពេលរថយន្តមកដល់ចំណុចស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ឈ្មោះ រូន រាន់ និងមិត្តភក្តិ បានសុំឈប់ និងបន្តដំណើរដោយជិះម៉ូតូទៅមណ្ឌលចត្តាឡីស័កព្រះដាក់ ស្រុកបន្ទាយស្រី តាមរយៈការរៀបចំរបស់ក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន។ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ រូន រាន់ ចាប់ផ្តើមមានបញ្ហាសុខភាព និងរោគសញ្ញាសង្ស័យ ហើយត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កព្រះដាក់ បញ្ជូនមកមណ្ឌលចត្តាឡីស័កគរុកោសល្យ ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវ និងទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ព្រមទាំងបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

តាមរយៈលទ្ធផលនៃការស្រាវជ្រាវបឋមរបស់ក្រុមការងារជំនាញ រដ្ឋបាលខេត្ត បានកំណត់អត្តសញ្ញាណអ្នករួមដំណើរក្នុងរថយន្តចំនួន៧នាក់ផ្សេងទៀតផងដែរ។ ក្នុងនោះអ្នកដំណើរចំនួន៥នាក់ មានអាសយដ្ឋានស្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារជំនាញបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ដោយឡែក ២នាក់ទៀត ម្នាក់បានបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតជាអ្នកបើកបរ បានបន្តដំណើរទៅរាជធានីភ្នំពេញ។

ក្រុមការងារជំនាញ នឹងបន្តស្រាវជ្រាវព័ត៌មានលម្អិត ដើម្បីចាត់វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។

បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

រដ្ឋបាលខេត្តសៀមរាប បានជម្រាបប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកបើកបរដូចបានបញ្ជាក់ជូន សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕