(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គ ភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ថា មន្រ្តីនគរបាលនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ៧ទីតាំង នៅក្នុងរាជ ធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត ចាប់ពីម៉ោង ៩យប់ថ្ងៃទី០៩ ដល់ ៣ទៀបភ្លឺថ្ងៃទី១០ ខែមីនា ក្នុងបំណងទប់ស្កាត់ និងការពារអាយុជីវិតពលរដ្ឋលើដងពីគ្រោះថ្នាក់ ដែលបង្កដោយឥទ្ធិពល នៃជាតិស្រវឹង។
បើតាមឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ទីតាំងទាំង៧ ដែលកម្លាំងនគរបាលដាក់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងរាជធានីភ្នំពេញ រួមមាន៖ ទី១. ខណ្ឌចំការមន, ទី២. ខណ្ឌជ្រោយចង្វា, ទី៣. ខណ្ឌសែនសុខ, ទី៤. ខណ្ឌដូនពេញ, ទី៥. ខណ្ឌ៧មករា, ទី៦. ផ្លូវជាតិលេខ៤ និងទី ៧. ផ្លវជាតិលេខ៥។
ក្រៅពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តជាច្រើនទៀត ក៏ត្រូវបានដាក់ពង្រាយកម្លាំងត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិ ស្រវឹងផងដែរ។ ខេត្តទាំងនោះរួមមាន៖ សៀមរាប, កំពង់ធំ, តាកែវ, ស្វាយរៀង, កំពង់ស្ពឺ, ស្ទឹងត្រែង ព្រមទាំងខេត្តជាច្រើនទៀត។
ឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា បន្តថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ ធ្វើឡើង ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរលើដងវិថី លោកក៏ស្នើសូមអំពាវនាវឲ្យប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិត៕