(ភ្នំពេញ)៖ វេជ្ជបណ្ឌិត បេអាត រិចឆ្នឺ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់វិភាគ ទានដល់មន្ទីរពេទ្យគន្ធបុប្ផាទ្វេដងចាប់ពីឆ្នាំ២០១៦នេះតទៅ ពោលគឺពី ៣លានដុល្លារ ទៅដល់ ៦លានដុល្លារក្នុងមួយឆ្នាំ។
ការបញ្ជាក់ពីការផ្តល់ប្រាក់វិភាគទានរាជរដ្ឋាភិបាលរបស់វេជ្ជបណ្ឌិត បេអាត រិចឆ្នឺ បានធ្វើឡើង បន្ទាប់វិទ្យាអាស៊ីសេរី បានចេញផ្សាយ ថា រាជរដ្ឋាភិបាលកម្ពុជា បានជួយថវិកាវិភាគទានត្រឹម ២លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ដល់មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ក៏បានបញ្ជាក់ពីចំនួនទឹកប្រាក់ ដែលរដ្ឋាភិបាលស្វីស បានជួយជាវិភាគទានមកដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ លោក បានបញ្ជាក់ថា ក្នុងមួយឆ្នាំរដ្ឋាភិបាលស្វីសផ្តល់ប្រាក់វិភាគទាន ចំនួន ៤លានដុល្លារក្នុងមួយឆ្នាំ គឺមិនមែន ៣លានដុល្លារ ដូចការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីនោះឡើយ។
លោកវេជ្ជបណ្ឌិត រិចឆ្នឺ ក៏បានឲ្យដឹងផងដែរថា លោកក៏បានស្នើសុំឲ្យរដ្ឋាភិបាលស្វីស បង្កើនថវិកាវិភាគទានទ្វេដងជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា តែត្រូវបានរដ្ឋាភិបាលស្វីសបដិសេធ។
លោក រិចឆ្នឺ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាប្រមាណ ៤២លានដុល្លារអាមេរិក ដើម្បីជួយព្យាបាលកុមារកម្ពុជា៕