(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំពាវនាវដល់បងប្អូនរួមជាតិ សូមចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង៣កុំ ដើម្បីជម្នះបានគ្រាដ៏សែនលំបាកនេះទាំងអស់គ្នា។

ការថ្លែងអំពាវនាវរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសផ្ញើសារជូនបងប្អូនជនរួមជាតិ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»

តាមសារលិខិតដែលបណ្ដាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនរួមជាតិ សូមចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន ៣ការពារ និង៣កុំ។ សូមបងប្អូនជ្រាបថា ការចូលរួមដ៏សកម្មពីបងប្អូន ក្នុងការអនុវត្តរាល់វិធានការសុខាភិបាល គឺជាប្រការដ៏សំខាន់បំផុត នាំឱ្យយើងជម្នះបានគ្រាដ៏សែនលំបាកនេះទាំងអស់គ្នា»

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង នៃការរាលត្បាតជាសកលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកផង និងឆ្លើយតបទៅនឹង សភាពការណ៍បច្ចុប្បន្ននៅកម្ពុជាផង កាកបាទក្រហមកម្ពុជា សូមប្តេជ្ញាចិត្តក្នុងការបំផុសកម្លាំងឱ្យចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ អនុវត្តវបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល វិធានរដ្ឋបាលនានា និងជាពិសេសពង្រឹងយុទ្ធនាការ ៣ការពារ ៣កុំ ២ចូលរួម និងបន្តរួមកម្លាំងគ្នាជាចរន្តជាតិមួយ ក្នុងការជំនះគ្រប់ឧបសគ្គ ដើម្បីប្រក្រតីភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមគន្លងថ្មី និងកសាងភាពធន់របស់សង្គមជាតិ។

ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានលើកឡើងពីបេសសកម្មការងារមនុស្សមនុស្សធម៌បន្ដ ដែលបានដាក់ចេញដើម្បីអនុវត្ដបន្ដ សម្រាប់ឆ្នាំ២០២១នេះ ក្នុងបរិការណ៍នៃការទប់ស្កាត់ការរាតត្បាតជាសកលជំងឺកូវីដ-១៩ និងផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ កាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ បានត្រៀមទុកជាមុននូវមធ្យោបាយជាសម្ភារ ស្បៀង និងថវិកាសម្រាប់និរន្តរភាព ដល់ក្រុមអ្នកងាយរងគ្រោះដោយជំងឺកូវីដ-១៩ ការអប់រំ កសាងសមត្ថភាពដល់ក្រុមទាំងនោះ ដើម្បីរៀនបន្សាំទៅនឹងគ្រប់ស្ថានភាពនៃគ្រោះ
មហន្តរាយឱ្យបានប្រសើរជាងមុនផងដែរ។

ជាមួយនេះ ក៏ត្រូវបន្តអនុវត្តវិស័យអាទិភាពទាំង៤ ដែលជាភារកិច្ចស្នូល របស់កាកបាទក្រហមកម្ពុជា រួមមាន៖
១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ
២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣៖ លើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្ដីថ្លៃថ្នូរ របស់មនុស្សជាតិ វប្បធម៌អហិង្សា និងសន្តិភាព ប្រកបដោយបរិយាប័ន្ន និងចីរភាព
៤៖ ការអភិវឌ្ឍស្ថាប័ន។

ខាងក្រោមនេះ ជាសារលិខិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១៖