(ភ្នំពេញ)៖ លោកស្រីពេជ ចន្ទមុន្នី ភរិយា លោក ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធ ដាក់អោយប្រើប្រាស់ផ្លូវលំ ក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ៤០០ម៉ែត្រ ដែលជាមូលនិធិមហាឧបាសក ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។
លោកស្រី បានមានប្រសាសន៍ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងឱកាស ដែលប្រជាពលរដ្ឋបានទទួល ផ្លូវ០១ខ្សែនេះ។
លោកស្រី មានប្រសាសន៍ថា នេះមិនមែនជាលើកទី០១ដែលប្រជាពលរដ្ឋបានទទួលសមិទ្ធិផលនេះទេ ប្រមុខរាជរដ្ឋាភិបាលតែងតែ គិតគូ ពីតម្រូវការរបស់ប្រជាពលរដ្ឋ និងបានកសាងជាសមិទ្ធិផលជាច្រើន ដើម្បីតម្រូវការប្រជាពលរដ្ឋ ដែលជាទូទៅប្រមុខរាជរដ្ឋាភិបាលមិនដែលសន្យាចោលនោះទេ លើសពីនេះផ្លូវដែលសម្ពោធដាក់អោយប្រើប្រាស់ នៅថ្ងៃនេះមិនមែនសម្រាប់តែអ្នកគាំ ទ្រគណបក្សប្រជាជននោះទេ គឺសម្រាប់ប្រជាពលរដ្ឋទូទៅដើម្បីប្រើប្រាស់ក្នុងការធ្វើដំណើរ ឫដឹកកសិផលផ្សេងៗក្នុងការប្រកបកិច្ចការងារចិញ្ចឹមជីវិត។
លោកស្រី បានបន្តថា រាជរដ្ឋាភិបាល បានខិតខំ តម្លើងប្រាក់បៀវត្សរ៍ ជូមន្រ្តីរាជការ និង ប្រាក់ឈ្នួលកម្មករ និង គិតគូ យកចិត្តទុកដាក់ពីសុខភាពប្រជាពលរដ្ឋ ដោយផ្តួចផ្តើមឲ្យ លោក ហ៊ុន ម៉ាណែត បង្កើជាសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ដើម្បីចុះជួយព្យាបាលជូនប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន និងបាននាំអ្នកជំងឺមួយចំនួន ដូចជាជំងឺបេះដូង និងជំងឺផ្សេងៗទៀត មកព្យាបាលបន្តនៅរាជធានីភ្នំពេញ ដោយមិនគិតថ្លៃ។ និយាយជារួមនេះ គឺជាការខិតខំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនចំពោះសុខទុក្ខ និងតម្រូវការបស់ប្រជាពលរដ្ឋ។
ក្រៅពីនោះ លោកស្រី ពេជ ចន្ទមុន្នី បានប្រកាស់ផ្តល់ជូន ផ្លូវលំ០១ខ្សែ ថ្មីបន្ថែមទៀតដែលមានបណ្តោយ៤៥០ម៉ែត្រ និងទទឹង៥ម៉ែត្រតាមសំណើរបស់ប្រជាជន១៥៧ក្រួសារ ក្នុងភូមិស្នាយពុល ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមរបាយការណ៍ លោក ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ បានអោយដឹងថា ផ្លូវដែលធ្វើការដាក់សម្ពោធអោយប្រើប្រាស់នាថ្ងៃនេះ មានបណ្តោយ ៤០០ម៉ែត្រ និងទទឹង ៥ម៉ែត្រ ក្រាលថ្ម ចាប់ផ្តើមកសាងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ និងបញ្ចប់ការកសាង់នៅថ្ងៃទី០២ខែមិនា ឆ្នាំ២០១៦ ចំណាយថវិកា សរុប៨០០០ដុល្លាសហរដ្ឋអាមេរិក៕