(ភ្នំពេញ)៖ រដ្ឋមន្រ្តីការពារជាតិកម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នាទប់ស្កាត់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើការបំផុស ញុះញង់ អុជអាល ប៉ុនប៉ងបង្កឱ្យមានអំពើហិង្សា មានចលាចលវឹកវរ អសន្តិសុខ ដែលបង្កឡើងដោយពួកប្រឆាំង និងមជ្ឈដ្ឋានអគតិមួយចំនួនជុំវិញបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការប្តេជ្ញារួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម តាមរយៈប្រព័ន្ធ Video Conference នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការព្រំដែន ឱ្យមានប្រសិទ្ធភាពតាមគោលការណ៍ ដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីកសាងព្រំដែនរួមមួយ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ សម្រាប់នាំទៅការអភិវឌ្ឍលើគ្រប់វិស័យ និងភាពសុខសាន្តរបស់ប្រទេសជាតិយើង។ ឈរលើស្មារតីនេះ កងទ័ពប្រទេសយើងទាំងពីរ ត្រូវខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ ទាំងនយោបាយ សន្តិសុខ ការទំនាក់ទំនងការទូតយោធា ការចែករំលែកព័ត៌មាន ការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសនៅតាមព្រំដែន។

បន្ថែមពីនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានលេីកឡេីងទៅកាន់ភាគីវៀតណាម ឱ្យរួមគ្នាអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រX16 នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឱ្យកាន់តែរីកចម្រើនសំដៅប្រែក្លាយតំបន់នេះទៅជាតំបន់ប្រវត្តិសាស្ត្រជាតិ សម្រាប់ទុកឱ្យយុវជនជំនាន់ក្រោយ សិក្សាស្វែងយល់ស៊ីជម្រៅពីប្រវត្តិសាស្ត្រពិត។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមទៀតថា៖ «ខ្ញុំសូមគាំទ្រចំពោះស្មារតីប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយភាគីវៀតណាមដឹកនាំដោយលោកជំទាវ ត្រឹន ទ្វេ ហៀន អនុលេខាគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងវៀតណាម បានខិតខំពង្រឹងការហ្វឹកហ្វឺនរួមគ្នា ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតឡើង ជាយថាហេតុនាពេលអនាគត ព្រមទាំងអភិវឌ្ឍធនធានមនុស្សសម្រាប់ជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែនប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានពិធីសារ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ សំដៅលើកកម្ពស់សមត្ថភាពកងទ័ព អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងជួយសម្រួលជូនប្រជាជន ដោយឈរលើស្មារតីរួបរួមគ្នា សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងជួយសង្គ្រោះប្រជាជន ដែលកំពុងរស់នៅតាមព្រំដែន ឱ្យរួចផុតពីការគ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាព៕