(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានទៅដល់សាលាស្រុកពារាំង ដើម្បីប្រគល់ទឹកបរិសុទ្ធ កម្ពុជា ១០០០កេស និងទឹកក្រូចអាយស៍ ២៥០កេស សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងផ្ដល់ជូនពលរដ្ឋដែលកំពុងជួបបញ្ហាលំបាក ក្នុងស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស បន្តស្វះស្វែងជានិច្ច ដើម្បីចូលរួមជាមួយកងទ័ពជួរមុខ ដែលកំពុងទប់ទល់នឹងជំងឺកូវីដ-១៩ ព្រោះក្រុមហ៊ុនជឿជាក់ថា ការរួមដៃគ្នាម្នាក់បន្តិចៗរបស់យើងទាំងអស់គ្នា នឹងអាចយកឈ្នះពេលវេលាមួយនេះ ហើយប្រទេសយើងនឹងអាចប្រែទៅជាល្អឡើងវិញឆាប់ៗជាក់ជាមិនខាន»។
លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានគិតគូរដល់រដ្ឋបាលស្រុកពារាំង ដើម្បីយកជំនួយនេះទៅជួយដោះស្រាយជូនពលរដ្ឋមួយចំនួនដែលកំពុងជួបបញ្ហាលំបាក។
ក្រៅពីឧបត្ថម្ភដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលបង្កើតឡើងតំណាងទឹកចិត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានគោលបំណងជួយដល់សង្គមកម្ពុជាក្នុងរូបភាពផ្សេងៗទៀត ក្នុងរយៈពេលពេញមួយឆ្នាំ២០២១៕