(ព្រះសីហនុ)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបន្ដចេញល្បាតត្រួតពិនិត្យ អប់រំណែនាំ និងផាកពិន័យប្រជាពលរដ្ឋដែលល្មើស ដែលរស់នៅក្នុងភូមិសាស្ដ្របិទខ្ទប់ ពិសេសតំបន់ក្រហមក្នុងមូលដ្ឋានក្រុងព្រះសីហនុ។

កម្លាំងសមត្ថកិច្ចបានណែនាំដល់ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ពិសេសតំបន់ក្រហម ត្រូវតែគោរពតាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល គឺ «៣ការពារ និង៣កុំ» ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។ ក្នុងករណីណែនាំហើយនៅមិនគោរពតាមទៀតនោះ សមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាលជាមិនខាន។

សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ វិធានការរដ្ឋបាល ដែលត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវចាប់ផ្តើមអនុវត្តរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្នុងនោះ «តំបន់ក្រហម» សម្ដៅដល់ភូមិសាស្ដ្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍, «តំបន់លឿងទុំ» សម្ដៅដល់ភូមិសាស្ដ្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និង «តំបន់លឿង» សម្ដៅដល់ភូមិសាស្ដ្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕