(ព្រះសីហនុ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចា ប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានចូលលួចទ្រព្បសម្បត្តិនៅក្នុងសណ្ឋាគារ អូរកាតា មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។

ការចាប់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងក្រោយទទួលបណ្ដឹងពីជនរងគ្រោះលោក ងឹម អូលីកា អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ដែលប្ដឹងក្រុមជនសង្ស័យបានចូលលួចសម្ភារ និងទ្រព្យសម្បត្ដិ ក្នុងសណ្ឋាគាររបស់គាត់ រួចរត់គេចខ្លួនបាត់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយទទួលបណ្ដឹង កម្លាំងនគរបាលបានកំណត់បានមុខសញ្ញាប្រព្រឹត្ដបទល្មើសខាងលើ។ រហូតដល់ម៉ោង១៧ និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញយើងឈានទៅបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន០៣នាក់ ដែលមានអត្ដសញ្ញាណដូចខាងក្រោម៖

*ទី១៖ ឈ្មោះ សុខ ចំរើន ហៅអាចាវ អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម២៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ដោយឃាត់ខ្លួននៅក្រោយកាស៊ីណូ ឃ្វីនកូ ភូមិ៣ សង្កាត់៣
*ទី២៖ ឈ្មោះ ធី សុធា ហៅធី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ដោយឃាត់ខ្លួននៅក្រោយកាស៊ីណូ ឃ្វីនកូ ភូមិ៣ សង្កាត់៣
*ទី៣៖ ឈ្មោះ ហ៊ូ ណាហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំងសមត្ថកិច្ច បានដកហូតសម្ភាររួមមាន៖

*ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ផ្លាកលេខ ព្រះសីហនុ 1F-2706
*ទូរស័ព្ទដៃ ០៣គ្រឿង
*ទូរទស្សន៍LED ចំនួន០១គ្រឿង។

ករណីនេះជនសង្ស័យទាំង៣បានសារភាពប្រាប់សមត្ថកិច្ចថា នាពេលកន្លងមក ពួកគេធ្លាប់ធ្វើសកម្ម ភាពលួចសម្ភារ និងរបស់របរប្រើប្រាស់ ដែលមានក្នុងផ្ទះ និងសណ្ឋាគារទុកចោល ស្ថិតក្នុងសាស្ដ្រភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ។

ថ្មីៗនេះនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ពួកគេបានរួមគ្នាធ្វើសកម្មភាពលួចដោះទូរទស្សន៍ចំនួន០២គ្រឿង ពីក្នុងសណ្ឋាគារអូរកាតាផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ មានអត្ដសញ្ញាណខាងលើ រួមនឹងសម្ភារវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី៕