(តាកែវ)៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អនុប្រធានក្រុមការងារស្រុកគិរីវង់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន បានចុះមកត្រួតពិនិត្យមើលនិង សំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កទាំង១៤នាក់ និងក្រុមប្រចាំការមណ្ឌលចត្តាឡីស័ក នៅឃុំភ្នំដិន ស្រុកគិរីវង់។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តល់ ថវិកាឧបត្ថម្ភចំនួន៥៩០.០០០រៀល មីចំនួន៥០កេស ម៉ាសចំនួន២០ប្រអប់ ស្មើនឹង១០០០ម៉ាស ទឹកអាល់កុលចំនួន០១ប៊ីដុង ស្មើនឹង៣០លីត្រ ពងទាសាបចំនួន២០០គ្រាប់ ផ្តល់ជូនដល់លោកមេឃុំ ក្រុមប្រចាំការ និងបងប្អូនប្រជាពលរដ្ឋកំពុងជាប់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។

នៅក្នុងឱកាសនោះ លោកស្នងការ បានផ្តាំផ្ញើទៅកាន់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋនៅទីនេះ ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ត្រូវតែអនុវត្តន៍តាមវិធានការ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ពាក់ម៉ាស់ លាងដៃ ឫបាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គម និងរក្សាសុវត្ថិភាពបុគ្គលគ្រប់គ្នាគ្រប់ទីកន្លែង និងកុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕