(កណ្ដាល)៖ គិតចាប់តាំងពីមន្ត្រីសុខាភិបាលខេត្តកណ្ដាល បានធ្វើតេស្តទៅលើកម្មការិនី និយោជិតចំនួន១១រោងចក្រ នៅស្រុកអង្គស្នួល ចំនួន ៦,៨០៩នាក់មក ជាលទ្ធផលរកឃើញថា មានកម្មការិនីឆ្លងកូវីដ១៩ សរុបចំនួន ១,០៧០នាក់។ នេះបើតាមមន្ត្រីសាលាស្រុកអង្គស្នួល បានបញ្ជាក់មកកាន់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលនៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយលទ្ធផលវិជ្ជមានមានចំនួនច្រើននាក់ នៅមូលដ្ឋានស្រុកអង្គស្នួល អាជ្ញាធរសម្រេចបិទផ្សារបែកចាន និងភូមិជុំវិញផ្សារចំនួន៤ភូមិផងដែរ រួមមាន៖ ភូមិស្វាយជ្រុំ, ភូមិអណ្ដូង, ភូមិពងទឹក និងភូមិត្នោតម្ដើម ព្រមទាំងដាក់ទីតាំងនេះ ជាតំបន់ក្រហមហាមចេញ-ចូលទៀតផង។ ដាក់ភូមិចំនួន៣ រួមមាន៖ ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោធស្បូវ ជាតំបន់លឿងទុំ។ បិទខ្ទប់ឃុំពើក និងដាក់ភូមិព្រៃពេល ជាតំបន់លឿង។

គួរជម្រាបថា បើយោងតាមរបាយការណ៍ស្តីពីការងារគ្រប់គ្រងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទាំង៦ទីតាំង និងមណ្ឌលចត្តាឡីស័កទាំង២ទីតាំងទូទាំងស្រុកអង្គស្នួល គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ រួមមាន៖

*អគារ ចំនួន ៣២ អគារ
*បន្ទប់ចំនួន ១៤៤ បន្ទប់
*គ្រែចំនួន ១,៣៦២ គ្រែ
*អ្នកវិជ្ជមានទូទាំងស្រុក៖ ១,០៧០ នាក់ (វិជ្ជមានថ្មី ០២ នាក់, ស្រី ០១ នាក់, ជនជាតិចិន ០១ នាក់), ជាសះស្បើយ ៤៧ នាក់ (ថ្មី ២០ នាក់), ស្លាប់០១នាក់។

កំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកម្រិតស្រាលទូទាំងស្រុកអង្គស្នួល ៨៥៨នាក់ (ស្រី៤៣១នាក់), កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ មណ្ឌលព្យាបាលកោះធំ និងផ្សេងៗ១៦៤នាក់។
*អ្នកកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលសរុប៖ ១០៨ នាក់, ស្រី៧៦នាក់
*អ្នកកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ៤១៤១គ្រួសារ ស្មើនឹង ៩៧៥៣នាក់, ស្រី៥៥៩១នាក់
*កម្លាំងមន្រ្តីប្រចាំការ៖ មន្រ្តីរដ្ឋបាលស្រុក ៤០នាក់, មន្រ្តីពេទ្យ ៤០នាក់, ប៉ូលីស ៩៥នាក់, អាវុធហត្ថ ២៧នាក់, មន្រ្តីឃុំ ៣៣នាក់, កម្លាំងប្រជាការពារ ៨៣នាក់។

សូមបញ្ជាក់ថា រោងចក្រទាំងអស់នៅស្រុកអង្គស្នួលមានចំនួន១១៦រោងចក្រ មានកម្មករ-កម្មការិនី និយោជិត ធ្វើការសរុបទាំងអស់ជាង៥ម៉ឺននាក់។ ពួកគាត់ត្រូវបានគេដាក់ការសង្ស័យថា អាចនឹងប្រឈម នឹងបញ្ហាឆ្លងកូវីដដោយសារជិះឡានទៅធ្វើការនិងមកផ្ទះឡូកឡុំជាមួយអ្នកកើតកូវីដនាពេលកន្លងទៅ។

ក្រោយបញ្ហាផ្ទុះករណីកូវីដនេះឡើងមក គេសង្កេតឃើញថា អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ និងអាជ្ញាធរសមត្ថកិច្ចខេត្ត មមាញឹកខ្លាំងណាស់ ធ្វើការទាំងថ្ងៃទាំងយប់ ខ្លះដាច់យប់ក៏មានដែរ ធ្វើយ៉ាងណារកសេចក្ដីសុខជូនពលរដ្ឋ និងទប់ស្កាត់ឲ្យបានការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ មិនឲ្យឆ្លងជាលក្ខណៈទ្រង់ទ្រាយធំ៕