(ឧត្តរមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ពីការរកឃើញស្ត្រីជាពលករម្នាក់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មានផ្ទុកជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងបញ្ជាក់ថា ស្ត្រីជាពលករដែលរកឃើញវិជ្ជមានកូវីដ១៩ មានឈ្មោះ ខេន ចន្ធូ អាយុ២៨ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោកថា ស្ត្រីជាពលកររូបនេះ បានឆ្លងដែនចូលមកកម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្ត។

លោកប្រធានមន្ទីរសុខាភិបាល បានថ្លែងបញ្ជាក់ថា ការយកសំណាកលើកទី១ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ពោលគឺថ្ងៃដែលស្ត្រីពលកររូបនេះបានមកដល់ លទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩។ ដោយឡែកចំពោះលទ្ធផលតេស្តសំណាកលើកទី២ ដោយបានធ្វើ Rapid Test បង្ហាញថា វិជ្ជមាន បន្ទាប់ពីស្ត្រីជាពលកររូបនេះមានអាការៈផ្តាសាយ ហៀរសំបោរ។

លោក ឃ្លោក ហួត បានបន្តថា ស្ត្រីពលកររូបនេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែក ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ (ស្នាក់នៅក្នុងតង់រួមគ្នាចំនួន១១នាក់) ក្នុងនោះមានកុមារចំនួន ៤នាក់ផងនោះ ត្រូបានពិនិត្យយកសំណាក់ ដែលលទ្ធផល Rapid Test បង្ហាញថាអវិជ្ជមាន និងបានបញ្ជូនទៅតាមដានសុខភាព និងធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់ឧត្តមរដ្ឋា (QC2)។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ ខេត្តឧត្តរមានជ័យ បានរកឃើញស្ត្រីជាពលករ២នាក់ វិជ្ជមានកូវីដ១៩ ដោយម្នាក់រស់នៅស្រុកចុងកាល់ និងម្នាក់ទៀតរស់នៅស្រុកត្រពាំងប្រាសាទ។

រដ្ឋបាលខេត្ត និងមន្រ្តីសុខាភិបាល សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅខេត្ត ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពោលគឺបន្តអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍របស់យើងកុំឲ្យឆ្លងជំងឺកូវីដ១៩៕