(បន្ទាយមានជ័យ)៖ សិស្សានុសិស្ស នៃសាលារៀនឯកជនពន្លកខ្មែរ និងវិទ្យាល័យ អូរជ្រៅ នៅក្រុងប៉ោយប៉ែត ចំនួន៨០០នាក់ បានទទួលចំណេះដឹងពី មន្ត្រីសាខាកាំកុងត្រូល និងមន្ត្រីពាណិជ្ជកម្ម មន្ត្រីនគរបាលប្រឆាំងបទល្មើស និងក្រសួងសហការជាមួយមន្ទីរការិយាល័យអប់រំក្រុង ចូលរួមពីបញ្ហាសុខភាព ចំណេះដឹងទូទៅ ផ្នែកម្ហូបអាហារ និងណែនាំចំពោះការផលិតការផុតកំណត់ និងមានក្រុមហ៊ុនទទួលខុសត្រូវតាមផ្លូវច្បាប់ទេ។
នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ មន្រ្តីចម្រុះបានចុះធ្វើការអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពអាហារដល់ក្រុមអាជីវករ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានថ្លែងថា មន្រ្តីសមត្ថកិច្ចជំនាញក្រោយធ្វើការចុះផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពអាហារ ក៏បានដើរពិនិត្យមើលចំណីអាហារ ក៏ដូចជាទំនិញមួយចំនួននៅតាមទីផ្សា តាមតូបលក់ និងនៅក្នុងសាលា។
លោកបន្តថា មន្ត្រីជំនាញនៅតែបន្តផ្សព្វផ្សាយ និងណែនាំជំរុញឲ្យក្រុមអាជីករលក់ដូរ នៅក្នុងសាលាទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវយកទំនិញ ដែលខូចគុណ ឬហួសកាលបរិច្ឆេទ ប្រើប្រាស់ឬដាក់តាំងលក់ នោះឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់សុខភាព អ្នកដែលទិញយកទៅប្រើប្រាស់ជាពិសេស គឺសិស្សសាលាតែម្តង។ ក្នុងនោះដែរប្អូនៗ សិស្សានុសិស្សក៏សាកសួរ និងសួរសំណួរ ចម្លើយពីមន្ត្រីជំនាញ បន្ថែមទៀត ដើម្បីអោយពួកគាត់ងាយយល់ និងផ្សព្វផ្សាយបន្ថែមទៅមិត្តភក្តិ បងប្អូន ឪពុកម្តាយ អោយប្រុងប្រយ័ត្នពីសុវត្ថិភាពសុខភាពទាំងអស់គ្នា៕