(ភ្នំពេញ)៖ ក្រោយពីទទួលបានការឧបត្ថម្ភជាផ្លែល្ពៅ និងផ្លែត្រឡាច ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរួចមក នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កងកម្លាំងនគរបាលនារី នៃអធិការដ្ឋាននគរខណ្ឌច្បារអំពៅ បានកែឆ្នៃធ្វើជាបង្អែមល្ពៅ និងភេសជ្ជៈទឹកត្រឡាច ចែកជូនដល់កងកម្លាំងឈរជើងការពារគោលដៅ នៅតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។

លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានកោតសរសើរដល់កម្លាំងនគរបាលនារីរបស់ខណ្ឌ ដែលមានគំនិតច្នៃប្រឌិត ធ្វើជាបង្អែម និងភេសជ្ជៈ សម្រាប់ទទួលទាន បង្កើនកម្លាំងកាយចិត្ត ដល់កងកម្លាំងអោយមានទឹកចិត្ត ក្នុងការបំពេញភារកិច្ច ជូនអង្គភាព និងរាជរដ្ឋាភិបាល បានប្រគល់ជូន។

ជាមួយគ្នានេះលោក ម៉ៅ សឿត ក៏បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក ស ថេត ដែលតែងតែគិតគូរពីសុខទុក្ខកងកម្លាំង ដែលបាននិងកំពុងបំពេញភារកិច្ច មិនខ្លាចនឿយហត់ ទោះក្នុងកាលៈទេសៈណាក៏ដោយ តែងសម្រេចជោគជ័យជូនអង្គភាព និងរាជរដ្ឋាភិបាលជនិច្ច៕