(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តវិធានការសុខាភិបាលក្នុង «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ក៏ដូចជាដើម្បីឈានទៅបិទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩» ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ។

គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូសទី១ បានចំនួន៤៧២,៦៤៦នាក់ និងដូសទី២ បានចំនួន ១២៦,៧៥៧នាក់ និងកំពុងផ្តល់ជូនបន្តជារៀងរាំល់ថ្ងៃ។

ដោយឡែក ចំពោះភូមិសាស្ត្រ «តំបន់ក្រហម» ក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ ចំណុះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក.ព.ជ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ២៤១,៨១៦នាក់ បន្ថែមទៀត។

ទន្ទឹមគ្នាទៅនឹងលទ្ធផលខាងលើ រដ្ឋបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានយល់ដឹងយ៉ាងច្បាស់អំពីតម្លៃ នៃកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់បំផុតក្នុងការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប៉ុន្តែក៏នៅមានជនឱកាសនិយមមួយចំនួន ដែលបានបង្កការរាំងស្ទះដល់ដំណើរការនៃការផ្តល់វ៉ាក់សាំង តាមរយៈការបំផុសចលនាទាមទារវ៉ាក់សាំង មិនស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងវិធានការរបស់ក្រសួងសុខាភិបាល។

រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ផ្អែកតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់អធ្យាស្រ័យ និងភាពអត់ធ្មត់ ពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនីទាំងអស់ សូមរង់ចាំទទួលវ៉ាក់សាំងតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ចៀសវាងការចាញ់កលទៅទិញលិខិតអញ្ជើញឬ ទៅដណ្តើមវ៉ាក់សាំងតាមការញុះញង់ អគតិរបស់ក្រុមជនឱកាសនិយម ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់ និងទទួលវ៉ាក់សាំងប្រកបដោយសុវត្ថិភាព៕