(ភ្នំពេញ)៖ ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED បានប្រគល់ស្បៀងអាហារមួយចំនួន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ១៩ ខណៈដែលជម្ងឺនេះនៅតែបន្តការរាតត្បាត ដោយបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់បានឆ្លង និងបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងរហូតដល់ជាង១០០នាក់។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ដែលបានឧបត្ថម្ភទឹកស៊ីអ៊ីវឆ្មាខ្មៅចំណុះ ៥០០មីលីលីត្រ ចំនួន ២,៥០០កេស មីម៉ីសាន ២៥០ក្រាម ចំនួន ៨៣៤កេស និងប្រេងឆាអរឃីដ ចំណុះ ១លីត្រ ចំនួន១,៦៦៧កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលន មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕