(ព្រះវិហារ)៖ ក្នុងទិសដៅទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានឡើងនៅតាមដងផ្លូវសាធារណៈនានាក្នុងខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយអាជ្ញាធរក្រុង ស្រុក និងនគរបាលចរាចរណ៍ បានចុះផ្សព្វផ្សាយ និងចងបដានៅតាមផ្លូវនានា ក្នុងទិសដៅពញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ ពិសេសចិញ្ចឹមគោ ក្របី កុំឲ្យលែងផ្តេសផ្តាស ដើម្បីចូលរួមការពារកុំឲ្យកើតឡើង គ្រោះថ្នាក់ចរាចរណ៍។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះថា រយៈពេល២ថ្ងៃនេះ ពោលចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរសាធារណការខេត្ត បានសហការជាមួយអាជ្ញាធរតាមបណ្ដាក្រុង-ស្រុក និងនគរបាលចរាចរណ៍ក្រុង-ស្រុក រួមមាន៖ ក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកររៀង ស្រុកគូលែន ស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ បានចុះចងបដារផ្សព្វផ្សាយអំពីការលែងសត្វនៅតាមដងផ្លូវដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីជាការពញ្ញាក់ស្មារតីដល់ម្ចាស់សត្វ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាការរួមចំណែកក្នុងការកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈផងដែរ។

លោកប្រធានមន្ទីរ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ជាទូទៅគឺបានកើតឡើងដោយកត្តាច្រើនយ៉ាងរួមមាន៖ កត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវ កត្តាសត្វ......ជាដើម។ តែក្នុងពេលនេះ លោកសូមលើកឡើងពីកត្តាសត្វ ដែលតែងតែធ្វើឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារម្ចាស់សត្វលែងផ្តេសផ្តាស់ខ្វះការ ប្រុងប្រយ័ត្ន។ ករណីនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វ ពិសេសម្ចាស់សត្វគោ ក្របី សូមមេត្តាចិញ្ចឹមដោយការទទួលខុសត្រូវខ្ពស់ ពោលគឺត្រូវមើលថែ គ្រប់គ្រងឲ្យបានល្អ កុំលែងពាសវាលពាសកាល ដែលនាំឲ្យបង្កគ្រោះថ្នាក់ ពិសេសគឺបង្ករគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដ៏ទៃនោះ»។

លោក សំ លាងទ្រី បានលើកឡើងទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនគរបាលចរាចរណ៍ ចុះធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្រុមហ៊ុនរថយន្តដឹកជញ្ជូន យានដ្ឋានជួសជុលរថយន្តនានា ឲ្យមានការប្រុងប្រយ័ត្នពីករណីគ្រោះថ្នាក់ចរាចរណ៍ ពិសេសក្រុមការងារតែងបានចុះត្រូតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍យ៉ាងតឹងរឹងនៅតាមដងផ្លូវ ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ជាមួយគ្នានេះដែរ លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានគ្រប់ៗគ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវដឹកលើសទម្ងន់ មិនត្រូវដឹកសំពីងសំពោង មិនត្រូវបើរបរក្នុងស្ថានភាពស្រវឹង មិនត្រូវបើរបរវ៉ាជែងដោយប្រថុយប្រថាន ពិសេសសូមពាក់ខ្សែរក្រវ៉ាត់និងមួកសុវត្ថិភាពជានិច្ច រាល់ពេលបើកបរនៅតាមដងផ្លូវ និងសូមបន្តចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយអនុវត្តន៍អោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»៕