(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានប្រគេនទេយ្យវត្ថុជូនដល់វត្តចំនួន៤៧វត្ត នៅក្នុងខេត្តកំពង់ស្ពឺ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

វត្តទាំង៤៧នោះរួមមាន៖ ក្រុងច្បារមនចំនួន ៣វត្ត, ស្រុកថ្ពងចំនួន ៩វត្ត, ស្រុកភ្នំស្រួច ចំនួន៦វត្ត, ស្រុកសំរោងទង ចំនួន១៨វត្ត, ស្រុកឱរ៉ាល់ ចំនួន៦វត្ត, ស្រុកគងពិសី ចំនួន ២វត្ត និងស្រុកបរសេដ្ឋចំនួន ៣វត្ត។

ទេយ្យវត្ថុដែលត្រូវប្រគេនក្នុងមួយវត្តៗរួមមាន៖ អង្ករ១០០គីឡូ, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ១២ដប, ស្ករស២គីឡូ, ត្រីខកំប៉ុង២យួរ, អំបិលអ៊ីយ៉ូត ២គីឡូ, ប៊ីចេង ១គីឡូ, ប្រេងឆា២ដប, មីខ្លាឃ្មុំក្រហម៤កេស, បច្ច័យ ៣០ម៉ឺនរៀល ក្នុងមួយវត្តៗ ដែលចំណាយថវិកាសរុប ៣៦,៦៧៤,១០០រៀល។

សូមបញ្ជាក់ថា ទេយ្យវត្ថុទាំងអស់នេះ បានមកពីការចូលរួមបច្ច័យរបស់លោក លោកស្រី ជាសមាជិកសមាជិកានៃក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ចូលរួមចំណែកក្នុងការចែករំលែកការលំបាកចំពោះវត្ត ដែលអត្តខាត់ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩៕