(ភ្នំពេញ)៖ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិនហើយ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

ថ្ងៃដំបូងនៃការនាំចេញ ផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិន ចាប់ពីបរិមាណ៦កុងតឺន័រ ស្មើនឹង៨០តោន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ នាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំដំបូងនេះ កម្ពុជារំពឹងថានឹងនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារចិន ប្រមាណ១០ម៉ឺនតោន តាមរយៈសមត្ថភាពនៃក្រុមហ៊ុនវេចខ្ចប់ចំនួន៥ ដែលទទួលបានការអនុម័ត ពីអគ្គនាយកដ្ឋានគយចិន។

លោក វេង សាខុន បានលើកឡើងថា ការនាំចេញក្នុងបរិមាណ១០ម៉ឺនតោន នៅឆ្នាំដំបូងនេះ គឺចំណុចចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំបន្ទាប់លោកជឿជាក់ថា បរិមាណនឹងមានការកើនឡើងច្រើន ហើយរោងចក្រវេចខ្ចប់ថ្មីៗប្រមាណ១០រោងចក្រទៀត នឹងរួចរាល់ដាក់ឲ្យដំណើរការផងដែរ។

លោករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ការនាំចេញបាន១០ម៉ឺនតោន ឆ្នាំដំបូងនេះ ខ្ញុំគិតថាយើងទទួលបានទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ហើយឆ្នាំបន្ទាប់យើងនាំចេញបានច្រើនជាងនេះ ជាមួយនឹងរោងចក្រវេចខ្ចប់ថ្មីៗថែមទៀត»

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន បានចាត់ទុកការនាំចេញជាផ្លូវការ ផ្លែស្វាយស្រស់ទៅចិន នឹងជួយដល់ការរីកចម្រើនជីវភាព របស់ប្រជាកសិករ ដែលដាំដុះស្វាយ ដូចទៅនឹងដំណាំចេកអំបូងលឿង ដែលកំពុងមានកំណើនខ្លាំង នៅទីផ្សារចិនផងដែរ។

លោក វ៉ាង វិនធាន បានបញ្ជាក់ដូច្នេះថា «តាមរយៈការបើកចំហក្នុងទីផ្សារប្រទេសចិន សម្រាប់ផ្លែស្វាយកម្ពុជា នឹងមានកំណើនក្នុងការអភិវឌ្ឍន៍ខ្លាំង ដូចដំណាំចេកជាមិនខាន ជាឱកាសការងារកាន់តែច្រើនសម្រាប់កសិករ លើកកម្ពស់ប្រាក់ចំណូល និងកម្រិតជីវភាពរបស់ពួកគាត់ ផ្ដល់អត្ថប្រយោជន៍កាន់តែច្រើន ដល់ប្រជាជនកម្ពុជា»

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទីផ្សារប្រទេសចិន នៅតែបើកចំហសម្រាប់កសិផលរបស់កម្ពុជាផ្សេងទៀត ដូចជា ទុរេនកំពត, ម្រេចកំពត, ក្រូចថ្លុងក្រចេះ និងស្ករត្នោតកំពង់ស្ពឺ ដែលសុទ្ធតែជាទំនិញមានសក្ដានុពល។

លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែលជាវិនិយោគលើចម្ការស្វាយ បានថ្លែងពីការរីករាយសម្រាប់វិស័យឯកជន ដែលទទួលការបើកផ្លូវ សម្រាប់ផ្លែស្វាយស្រស់ របស់កម្ពុជាទៅកាន់ប្រទេសចិន ជាទីផ្សារដ៏សក្តានុពល សម្រាប់ផលិតផលកិសកម្ម។

លោកបន្តថា សម្រាប់ប្រទេសកម្ពុជា មានការដាំដុះដាំណាំស្វាយមានច្រើន ដែលកន្លងមកទិន្នផលស្វាយដែលទទួលបាន មិនអាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិនទេ គឺត្រូវលក់ស្វាយទៅប្រទេសជិតខាង ហើយគេលាងសម្អាត និងខ្ចប់នាំចេញទៅលក់បន្ត ធ្វើឲ្យកម្ពុជាបាត់បង់ នូវផលចំណេញក្នុងផ្នែកសេដ្ឋកិច្ច ព្រោះយើងលក់មិនបានដល់ទីផ្សារ និងអ្នកប្រើប្រាស់ចុងក្រោយ។

លោកឧកញ៉ាថ្លែងថា «ដោយសារមានការខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ជាពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ទើបធ្វើឲ្យកសិផលរបស់ខ្មែរ អាចនាំចេញស្វាយ ក្នុងទ្រង់ទ្រាយជាពាណិជ្ជកម្ម ទៅកាន់ទីផ្សារចិនបាន នៅថ្ងៃនេះ»

លោកឧកញ៉ាបន្តថា ឆ្នាំដំបូងនេះ ក្រុមហ៊ុន រីចហ្វាម ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនាំចេញផ្សេងទៀតរំពឹងថា នាំចេញបានផ្លែស្វាយស្រស់ ១ម៉ឺនតោនទៅកាន់ទីផ្សារចិន។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិន តាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន បន្ទាប់ពីបើកការចរចាបើកទីផ្សារអស់ រយៈពេលជាង៣ឆ្នាំ។

ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន។

កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ៕