(ភ្នំពេញ)៖ អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានទទូចដល់ប្រជាពលរដ្ឋដែលនៅតំបន់ក្រហម សូមចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣ការពារ ៣កុំ» ឲ្យបានគ្រប់ៗគ្នា ដើម្បីអាជ្ញាធរ អាចបើកតំបន់ទាំង៦ឡើងវិញនាពេលឆាប់ៗ និងដំណើរការជីវភាពរស់នៅរបស់បងប្អូនដូចដើម។ ប៉ុន្តែបើបងប្អូននៅតែឆ្លងជំងឺក្នុងតំបន់នេះ អាជ្ញាធរនឹងបន្តបិទខ្ទប់រយៈពេលបន្តទៀត។

លោក ឌី រ័ត្នខេមរុណ បន្តទៀតថា ក្នុងខណ្ឌមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់យកសង្កាត់ចំនួន៤ ជាតំបន់ក្រហម ដោយជម្ងឺកូវីដ១៩ ហើយបើគិតមកដល់ពេលនេះក្នុងខណ្ឌមួយនេះ មានអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ កើនឡើងដល់ចំនួន១៦នាក់ហើយ ខណៈដែលអ្នកមានវិជ្ជមានកូវីដ-១៩ បានកើនឡើងរហូតដល់ ២០០៧នាក់។

ការលើកឡើងនេះ បានធ្វើងឡើងខណៈលោក ឌី រ័ត្នខេមរុណ ខណៈដែលលោក និងលោក យន្ត សួន តំណាងម្ចាស់អំណោយនៅសហរដ្ឋអាមេរិក និងលោកស្រី អ៊ូ សៀថុង អញ្ជើញចុះចែកអំណោយជូនពលរដ្ឋចំនួន ៣ភូមិ ស្មើ ៣០០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

លោក យន្ត សួន តំណាងម្ចាស់អំណោយបានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងតំបន់ក្រហម នៅសង្កាត់ស្ទឹងមានជ័យ២នេះ កើតចេញពីគំនិតផ្តួចផ្តើម កៀងគរថវិកាពីឧបាសក ឆាយ អ៊ីវ ស៊ាង និងឧបាសិកា ហុង គឹមសែ នៅសហរដ្ឋអាមេរិក ដោយបានបញ្ជូនថវិកានេះមកឲ្យលោក ជាអ្នកចាត់ចែងជូនពលរដ្ឋចំនួន ៣ភូមិ ស្មើ ៣០០គ្រួសារ ក្នុងនោះភូមិព្រែកទាល់ ១០០គ្រួសារ, ភូមិព្រែកទាល់១ ចំនួន ១០០គ្រួសារ និងដំណាក់ធំ៤ ចំនួន ១០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ១បាវស្មើ ២៥គីឡូ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខ ១យួរ។

លោក ឌី រ័ត្នខេមរុណ ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបាសក ឆាយ អ៊ីវ ស៊ាង និងឧបាសិកា ហុង គឹមសែ តាមរយៈលោក យន្ត សួន តំណាងម្ចាស់អំណោយ នៅសហរដ្ឋអាមេរិក ដែលបានជួយ ឧបត្ថម្ភជាស្បៀងអាហារ និងថវិកាទាំងនេះ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យនេះ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ បានបញ្ចាក់ថា ក្នុងខណ្ឌមានជ័យ ប្រជាពលរដ្ឋបានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានី បានចំនួន៦៥.៥៤៧គ្រួសារ។ ដោយឡែក អំណោយសប្បុរសជនយកមកចែកជូនបានជាង ៥០០០គ្រួសារផងដែរ៕