Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សមហាសាមគ្គីជាតិខ្មែរ ដាក់លិខិត​សុំប្រកាស​ទ្រព្យ​សម្បត្តិ នៅអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

09-03-2016 18:10

(ភ្នំពេញ)៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់លិខិតទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយសុំប្រកាសទ្រព្យសម្បត្តិរបស់មេដឹក នាំសំខាន់ៗ ក្នុងបក្ស ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន។

លិខិតរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានទទួលរួចហើយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០ ១៦នេះ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ក្នុងលិខិតដាក់ជូនលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា ការសុំប្រកាសទ្រព្យសម្បត្តិនេះ ដើម្បីចូលរួមបញ្ជាក់ភាពស្អាតស្អំ តម្លាភាព សុច្ចរិតភាព និង ធ្វើជាគំរូល្អរបស់ថ្នាក់ដឹកនាំ។

ក្នុងលិខិត ក៏បានបញ្ជាក់ផងដែរថា ការប្រកាសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំបក្សនេះ គឺជាការផ្តល់នូវសេចក្តីទុកចិត្ត និង ជំនឿ ទៅដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។

គណបក្សមហាសាមគ្គីជាតិខ្មែរ ក៏បានសម្តែងការរំពឹងទុកថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងជួយរៀបចំឲ្យថ្នាក់ដឹកនាំរបស់ខ្លួន បានប្រកាសទ្រព្យសម្បត្តិ ដើម្បីទុកជាសក្ខីភាព ភាពស្អាតស្អំ និង គុណធម៌សម្រាប់បម្រើការងារជូនជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរ។

ថ្នាក់ដឹកនាំ នៃគណបក្សមហាសាមគ្គីជាតិខ្មែរមានដូចជា លោក ហ៊ាង រិទ្ធី  លោក ញ៉ែម វណ្ណថន លោក ហ៊ាង គឹមស្រឿន និង លោកស្រី អ៊ូ ចន្ទផល្លាសុទ្ធ ដែលពួកគេសុទ្ធតែអ្នក​បានដើរចេញ​ពីគណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ។

សូមបញ្ជាក់នេះគណបក្សនយោបាយ ដែលទើបបង្កើតថ្មីមួយទៀតហើយ ដែលបានស្នើសុំប្រកាទ្រព្យសម្បត្តិ បន្ទាប់ពីគណបក្សយុវជនកម្ពុជា របស់ លោក ពេជ្យ ស្រស់ ដែលធ្លាប់បានបង្ហាញ​បំណងចង់ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែកន្លងទៅនេះ៕