(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងការបរទេសកម្ពុជា បានសេចក្តីជូនដំណឹងមួយ ដោយធ្វើការបំភ្លឺជុំវិញរឿងរ៉ាវ ពលករខុសច្បាប់មានកាន់លិខិតឆ្លងដែនផ្លូវការរបស់កម្ពុជា។
នៅក្នុងលិខិតបំភ្លឺនោះបានរៀបរាប់ថា៖ រយៈកាលកន្លងមកនេះ មានមន្រ្តីរបស់អង្គភាព ស្ថាប័នខ្លះនៅពេលចប់បេសកកម្មផ្លូវការ ឬមិនបានទៅបំពេញ បេសកកម្មផ្លូវការ ហើយបានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការនោះ ក្នុងការធ្វើដំណើរទៅធ្វើជាពលករខុសច្បាប់នៅក្រៅប្រទេស។
ប្រការនេះបានធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសនោះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមិនយល់ថា ហេតុអ្វីបានជាពលករខុសច្បាប់កាន់លិខិតដែនផ្លូវការ ហើយបានជូនព័ត៌មានមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានទូតយើង។
ដូចនេះ ដើម្បីការពារកិត្តិយស និងកិត្យានុភាពជាតិ ហើយនិងមានតម្លៃរបស់លិខិតឆ្លងដែនផ្លូវការ ក្រសួងការបរទេសកម្ពុជា បានស្នើសុំការសំរេចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីរក្សាទុកលិខិតឆ្លងដែនផ្លូវការទាំងនោះ ហើយនឹងផ្តល់ជូនលិខិតឆ្លងដែន ផ្លូវការទាំងនោះ ដល់សាម៉ីមន្រ្តី ពេលមានបេសកកម្មជាថ្មី បន្ទាប់ពីទទួលបានលិខិតបញ្ជាក់ផ្លូវការ របស់សាម៉ីស្ថាប័នដោយពុំមានបង្អែរបង្អង់ និងពុំមានការបង់ថ្លៃមួយសេនណាឡើយ៕