(ភ្នំពេញ)៖ មេដឹកសហជីពធំៗចំនួន២នៅកម្ពុជា នៅថ្ងៃពុធនេះ បានយល់ឃើញផ្សេងគ្នាទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងពួកគេ ដែលត្រូវបានកែប្រែឡើងវិញដោយរដ្ឋសភា។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ បានយល់ថា សេចក្តីព្រាងច្បាប់ចុងក្រោយនេះ មិនបានកែប្រែតាមការទាមទាររបស់សហជីពនោះទេ ខណៈដែល លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងជាប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានគាំទ្រទៅនឹងការកែប្រែចុងក្រោយនេះ របស់រដ្ឋសភា ដែលលោកថាសេចក្តីព្រាងច្បាប់ចុងក្រោយនេះ មានលក្ខណៈប្រសើរហើយ។
ប្រតិកម្មរបស់មេសហជីពធំៗទាំងពីរនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបើកសិក្ខាសាលាពិគ្រោះយោបល់ ទៅលើសេចក្តីព្រាងច្បាប់សហជីព ដែលទើបកែប្រែជាថ្មីដោយគណៈកម្មការចំពោះកិច្ច របស់តំណាងរាស្រ្តគណបក្សជាប់ឆ្នោតទាំងពីរនៅរដ្ឋសភា នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ ។
លោក អាត់ ធន់ ប្រធានសម្ពន្ធ័សហជីពប្រជាធិបតេយ្យកម្មករ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមសហជីពចង់ឱ្យ រដ្ឋសភា ពន្យារការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព ហើយថាសហជីពនៅតែព្រួយបារម្ភដោយសារ តែរដ្ឋសភា មិនទាន់បានកែប្រែទាំងស្រុង ដូចការទាមទាររបស់សហជីពនៅឡើយទេ។
លោកថា «អ្វីដែលយើងបារម្ភ គឺបារម្ភអំពីសិទ្ធិជាមូលដ្ឋានក្នុងការរៀបចំ និងការប្រព្រឹត្តទៅរបស់សហជីព ហើយអ្វីដែលយើងមើលឃើញនៅក្នុងច្បាប់នេះ គឺមានការជ្រៀតជ្រែកពីភាគីខាងនិយោជក គឺនិយោជកគាត់មានសិទ្ធិក្នុងការស្នើឱ្យបិទអង្គភាពសហជីពបាន និយោជកត្រូវការឱ្យយើងចម្លងជូនឯកសារមួយចំនួនទើបអនុញ្ញាតឱ្យបង្កើតសហជីពបាន ហើយមួយទៀត គឺមានការជ្រៀតជ្រែកពីរដ្ឋច្រើនជាងមុន»។
ទោះជាយ៉ាងនេះក្តី លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានស្វាគមន៍ទៅនឹង សេចក្តីព្រាងច្បាប់របស់សហជីព ដែលបានកែប្រែចុងក្រោយនេះ។ លោកថា បើធៀបទៅនឹងការអនុវត្តជាក់ស្តែង គឺសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈប្រសើរច្រើនដែលអាចទទួលយកបាន។ លោក សោម អូន និយាយថា «សេចក្តីព្រាងច្បាប់នេះ បើនិយាយអំពីអាយុកាលគឺមាន៨ឆ្នាំហើយ គឺពីឆ្នាំ២០០៨ ហើយបើយើងប្រៀបធៀប ពីមុន និងសេចក្តីព្រាងចុងក្រោយឃើញថា ល្អប្រសើរច្រើន»។
លោកបានជំរុញឱ្យរដ្ឋសភា ធ្វើយ៉ាងណាអនុម័ត លើសេចក្តីព្រាងច្បាប់សហជីពនេះ ឱ្យបានលឿន ប៉ុន្តែបន្ទាប់ពីអនុម័តរួចត្រូវទុកពេលវេលាដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ភាគីពាក់ព័ន្ធឱ្យបានទូលំទូលាយមុននឹងដាក់ឱ្យអនុវត្ត។ មិនតែប៉ុណ្ណេះ ប្រធានសហជីពដែលជាញឹកញយគាំទ្រដល់រាជរដ្ឋាភិបាលនេះ បានស្នើឱ្យច្បាប់នេះ ចែងចំណុចមួយចំនួនទៀតដើម្បីកុំឱ្យលាបពណ៌គ្នាក្នុងចំណោមសហជីព ហើយសហជីពត្រូវចម្លងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ជូនរាជរដ្ឋាភិបាល ដើម្បីបង្ហាញភាពស្មោះត្រង់ចំពោះកម្មករផងដែរ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់សហជីព មានចំនួន ១៧ជំពូក និង១០០មាត្រា ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦។ ការកែប្រែជាថ្មី២១ចំណុចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសហជីពធ្វើការតវ៉ាសម្តែងការមិនពេញចិត្តចំពោះការរៀបចំសេចក្តីព្រាងច្បាប់នេះ៕