(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ដែល Fresh News ទទួលបាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងពីរនាក់នេះរួមមាន៖ ឈ្មោះ ថោង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម សង្កាត់ស្រង៉ៃ ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ ត្រូវជាឪពុករបស់ សុជាតិ សុជាតា អាយុ២ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
ម្នាក់ទៀត ឈ្មោះ នឿន ម៉ាប់ ភេទស្រី អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក បានធ្វើដំណើរមកពីខេត្តព្រះសីហនុជាមួយស្វាមី ត្រូវជាម្ដាយរបស់ ជាន រដ្ឋា អាយុ ១១ខែ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត បានបញ្ជាក់ថាក្រុមគ្រួសារទាំង២ករណីនេះ គឺក្រុមការងារបានយកសំណាក និងណែនាំឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេលដែលមកដល់ខេត្តសៀមរាប។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៣នាក់ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕