(ភ្នំពេញ)៖ តារាកំប្លែង យេយេ បានបញ្ជាក់ថា រូបនាងផ្ទាល់និងសមាជិកគ្រួសារចំនួន៧នាក់ផ្សេងទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីបានទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ប្រកបដោយការយកចិត្តទុកដាក់។
តារាកំប្លែង យេយេ បានថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះថា រូបនាងត្រូវបានក្រុមគ្រួពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នាល្ងាចថ្ងៃទី០៥ ខែឧសភា បន្ទាប់ពីលទ្ធផលធ្វើសំណាកចុងក្រោយបង្ហាញថាបានជាសះស្បើយពីជំងឺកូវីដ-១៩។ ក្រៅពីនាងផ្ទាល់ សមាជិកគ្រួសារចំនួន៧នាក់ផ្សេងទៀត ក៏បានជាសះស្បើយដងដែរ។ នាងថា នៅតែសមាជិកគ្រួសាររបស់នាង ចំនួន៣នាក់ទៀតប៉ុណ្ណោះ មិនទាន់បានជាសះស្បើយ ប៉ុន្តែស្ថានភាពសុខភាពរបស់អ្នកទាំងបី គឺមិនមានអ្វីធ្ងន់ធ្ងរនោះទេ។
ទន្ទឹមនឹងការជាសះស្បើយនេះផងដែរ តារាកំប្លែង យេយេ មិនភ្លេចនោះទេ ក្នុងការថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលបានខិតខំប្រឹងប្រែង មិនថាយប់ឬថ្ងៃ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ រហូតបានជាសះស្បើយដូចរូបនាង និងអ្នកជាសះស្បើយផ្សេងទៀត។
ជាពិសេស នាងបានផ្តាំផ្ញើនូវសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនទៀត ដែលបានខិតខំមិនខ្លាចនឿយហត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឆ្លើយតបនឹងការលះបង់របស់ថ្នាក់ដឹកនាំនេះ កញ្ញា យេយេ បានសង្កត់ធ្ងន់ថា ខ្លួនគ្មានអ្វីតបស្នងក្រៅពីបន្តអនុវត្តន៍តាមវិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលនោះទេ ខណៈបច្ចុប្បន្នក្រោយចាកចេញពីកន្លែងព្យាបាល គឺនៅបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត នៅគេហដ្ឋានរបស់ខ្លួន។
គួរបញ្ជាក់ថា កញ្ញា យេយេ បានប្រកាសថា ខ្លួនមានវិជ្ជកូវីដ-១៩ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងសមាជិកគ្រួសាររបស់នាងមួយចំនួនទៀតក៏បានឆ្លងផងដែរ។ បច្ចុប្បន្ននេះ សមាជិកគ្រួសារបស់នាងចំនួន៨នាក់រួមទាំងនាង បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយ ដោយនៅសមាជិក៣នាក់ទៀត មិនទាន់ជាសះស្បើយ ដោយកំពុងបន្តការព្យាបាល៕