គុយបា រកឃើញអ្នកផ្ទុកវីរុស Zika ទីបី ប៉ះចំលើមន្ត្រីជំនាញសុខាភិបាលតែម្ដង
09-03-2016 17:27
(ឡាហាវ៉ាន់)៖ មន្ត្រីសុខាភិបាលគុយបា បានរកឃើញករណីឆ្លងវីរុស ហ្ស៊ីកា (Zika) នៅលើមនុស្សទីបី ដែលបុគ្គលរូបនោះ ជាអ្នកជំនាញផ្នែកសុខាភិបាល ទើបមកពីបំពេញការងារនៅប្រទេសវេណេស៊ុយអេឡា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៦។
អ្នកជំនាញផ្នែកសុខាភិបាល ដែលឆ្លងមេរោគហ្ស៊ីកានេះ មិនត្រូវបានបញ្ជាក់ឲ្យស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថា មានវ័យ ៤៣ឆ្នាំ រស់នៅខេត្ត Camaguey ភាគខាងកើតប្រទេសគុយបា ដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី០១ ខែមីនា ប៉ុន្តែក្រោយពីមកដល់ភ្លាមៗ ក៏កើតអការៈឈឺក្បាលខ្លាំងតែម្តង។
ក្រោយពីកើតមានភាពមិនប្រក្រតី ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរទេព្យ និងរកឃើញថាមានផ្ទុកវីរុសហ្ស៊ីកា កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ដោយក្រុមគ្រូពេទ្យជំនាញ បានព្យាយាមសង្គ្រោះរូបលោក រហូតបានវិលមករកស្ថានភាពប្រសើរវិញ។ គួរបញ្ជាក់ថា ករណីឆ្លងវីរុសហ្ស៊ីកា ទីមួយនៅគុយបា បានកើតឡើងកាលពីថ្ងៃទី០២ ខែមីនា លើវេជ្ជបណ្ឌិតមួយរូប និង ទីពីរបានកើតទៅលើ គិលានុបដ្ឋាយិកាម្នាក់ទៀត៕