(ភ្នំពេញ)៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្រាប់ប្រតិបត្តិការបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង។
បើយោងតាមរបាយការណ៍ក្រសួងការពារជាតិ ចេញផ្សាយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៥៤៤,៥៨៣នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ២៤៦,៧០២នាក់ ខណៈចាក់លើកទី២ បានចំនួន២៧៣,៤០០នាក់
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែឧសភា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ម្សិលមិញ បានចេញមកបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ១៩នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើចាក់មិនអស់ គឺមិនដកថយជាដាច់ខាត៕