(ត្បូងឃ្មុំ)៖ មានប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គម Facebook ជាច្រើនបានបង្ហោះ និងចែកចាយរូបភាពដើមពោធិ៍មួយដើម ដែលត្រូវដួលរលំដោយសារខ្យល់កន្ត្រាក់ ហើយរំលេចនូវខ្លឹមសារយល់ច្រឡំថា ដើមពោធិ៍នោះជាដើមពោធិ៍ដែលមានប្រវត្តិទាក់ទងនឹងប្រវត្តិស្នេហាទុំទាវ កាលពីសម័យលង្វែក រាប់រយឆ្នាំមកហើយ។
ឆ្លើយតបនឹងការយល់ច្រឡំនេះ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានបំភ្លឺថា ដើមពោធិ៍ដែលដួលរលំនោះ មិនមែនជាដើមពោធិ៍ដែលទាក់ទងនឹងប្រវត្តិស្នេហាទុំទាវនោះឡើយ ដោយដើមពោធិ៍នោះ អ្នកស្រុកហៅថា «ដើមពោធិ៍លោកតាក្រហមក» ដែលត្រូវបានខ្យល់កន្រ្តាក់បោកបក់ធ្វើឱ្យដួលរលំនាល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះតែម្ដង។
លោកអភិបាលស្រុកបានបន្តថា ដើមពោធិ៍លោកតាមក្រហមកនេះ មានអាយុកាលរាប់រយឆ្នាំមកហើយដែរ ដែលមានចម្ងាយប្រមាណ ៧០ម៉ែត្រ ពីដើមពោធិ៍ប្រវត្តិស្នេហាទុំទាវ ពោលគឺស្ថិតនៅក្នុងភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដូចគ្នា។
លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ដែលបានចុះទៅកាន់កន្លែងកើតហេតុនោះទាំងយប់ បានបញ្ជាក់ថា ភ្លាមៗក្រោយដួលរលំ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យលោក និងអភិបាលស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ ប្រើគ្រឿងចក្រស្ទូចលើកឡើង ដើម្បីរៀបចំដាំឡើងវិញ និងបន្ថែមការកែលម្អអភិរក្សតំបន់ប្រវត្តិសាស្ត្រនោះផងដែរ។ បើតាមលោក ហាក់ សុខមករា ដើមពោធិ៍ជំទាន់ទុំទាវ ដែលស្ថិតនៅក្បែរនោះ មិនបានរលំនោះឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មានឡើងវិញ។
សូមបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃមកនេះ ភូមិសាស្រ្តខេត្តត្បូងឃ្មុំមានភ្លៀងធ្លាក់លាយជាមួយខ្យល់កន្ត្រាក់ជាប់ៗគ្នាធ្វើឱ្យដើមឈើ ដំណាំ និងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ត្រូវបានដួលរលំផ្ទះ និងប៉ើងដំបូល រងការខូចខាតជាដំណំ៕