(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភ និងត្រៀមទប់ស្កាត់កត្តាហានិភ័យធំៗ៣យ៉ាង ដែលអាចបណ្តាលឲ្យប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលដល់ការអនុវត្តផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលគ្រោងធ្វើឱ្យសម្រេចនៅឆ្នាំក្រោយនេះ។ នេះបើតាម «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ សំដៅបង្កើតបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា កត្តាហានិភ័យធំៗចំនួន៣ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ មានដូចជា៖
* ទី១៖ ការទទួលបានវ៉ាក់សាំងមិនគ្រប់តាមតម្រូវការ៖ ភាពមានកម្រិតនៃការផ្គត់ផ្គង់វ៉ាក់សាំង និងតម្រូវការខ្ពស់ពីបណ្តាប្រទេសនានានៅទូទាំងពិភពលោក អាចបង្កឲ្យមានហានិភ័យក្នុងការទទួលបានវ៉ាក់សាំង ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់កម្ពុជា។ បន្ថែមលើនេះភាពស្មុគស្មាញនៃបញ្ហាបច្ចេកទេសក្នុងការ គ្រប់គ្រងនិងផ្គត់ផ្គង់ វ៉ាក់សាំងក៏អាចបង្កឲ្យមានភាពយឺតយ៉ាវក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនេះឲ្យសម្រេចបាននៅក្នុងឆ្នាំ២០២១ យ៉ាងឆាប់តាមតែអាចធ្វើបានផងដែរ។
ការណ៍នេះទាមទារឲ្យរាជរដ្ឋាភិបាលខិតខំធានារកប្រភពសម្រាប់ទិញ និងផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់តាមតម្រូវការ និងតាមកាលកំណត់ព្រមទាំងខិតខំកសាង សមត្ថភាពសម្រាប់ត្រៀមដោះស្រាយបញ្ហាបច្ចេកទេសនានាពាក់ព័ន្ធនឹងការគ្រប់គ្រង, ការបែងចែក, ការដឹកជញ្ជូន និងការថែរក្សាវ៉ាក់សាំងជាដើម ដែលអាចកើតមាន ឡើងជាយថាហេតុ។
យ៉ាងណាមិញការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការចាប់យកដៃគូយុទ្ធសាស្រ្តជាមួយមិត្តចិន ធ្វើជាស្នូលសម្រាប់ការស្វះស្វែងរកទិញវ៉ាក់សាំង និងទទួលបានជំនួយវ៉ាក់សាំងបានក្លាយជាកត្តាគន្លឹះមួយដ៏សំខាន់ផងដែរ ដែលអាចជួយដោះស្រាយហានិភ័យនៃការខ្វះវ៉ាក់សាំង និងការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ និងទាន់ពេល។
* ទី២៖ សមត្ថភាពក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំង៖ ចំនួនដ៏ច្រើននៃប្រជាពលរដ្ឋដែលត្រូវទទួលបានការចាក់វ៉ាក់សាំង និងរយៈពេលខ្លីនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង អាចបង្កឲ្យមានបញ្ហាប្រឈម និងភាពខ្វះខាតនូវសមត្ថភាពស្ថាប័ន និងធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេល។
ការណ៍នេះទាមទារនូវការត្រៀមរៀបចំឲ្យបានល្អនូវផែនការលម្អិតសម្រាប់អនុវត្ត ក្នុងគ្រប់ទិដ្ឋភាព និងការកៀរគរក៏ដូចជាការ ប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុប របស់ជាតិ ដើម្បីចូលរួមអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះឲ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
* ទី៣៖ ការកើតឡើង ឬការឆ្លងចូលមកកម្ពុជានូវវីរុសកូវីដ១៩ បំប្លែងថ្មី៖ ប្រភេទវីរុសបំប្លែងថ្មីគឺជាក្តីបារម្ភមួយដែលអាចធ្វើឲ្យវាក់សាំងដែលមានស្រាប់បច្ចុប្បន្ននេះ បាត់បង់ ឬក៏លែងមានប្រសិទ្ធភាព។
ការណ៍នេះទាមទារឲ្យរាជរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ការតាមដាននូវស្ថានការណ៍វិវឌ្ឍនៅតាមបណ្តាប្រទេស ដែលបាននិងកំពុងទទួលរងឥទ្ធិពលខ្លាំង នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងរឹតបន្ដឹងវិធានការសុខាភិបាល ក៏ដូចជាវិធានការពាក់ព័ន្ធផ្សេងទៀតពិសេសការគ្រប់គ្រងឲ្យបានម៉ត់ចត់លើ ការចេញចូលរបស់ មនុស្ស និងទំនិញដែលអាចមានហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងការអនុវត្តដោយម៉ឺងម៉ាត់នូវវិធានចត្តាឡីស័កជាដើម ដើម្បីបញ្ចៀស ឱ្យបាននូវការនាំចូលជំងឺកូវីដ-១៩ ប្រភេទថ្មីណាមួយដែលអាចចម្លងបន្តទៅដល់សហគមន៍កម្ពុជា៕
សូមអានខ្លឹមសារទាំងស្រុងនៃ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» ដែលមានចំនួន២២ទំព័រ