(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី៥ ខែឧសភា មានស្រ្តី៣នាក់ ទើបតែត្រឡប់ មកពីភ្នំពេញ ហើយត្រូវបានអាជ្ញាធរដាក់ឲ្យធ្វើចត្តាឡីស័ក នៅស្រុករមាសហែក និងបានជួយសម្រាលកូនដោយសុវត្ថិភាព ក្រោមការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែក។
លោកបណ្ឌិត បានបន្តថា ក្រុមគ្រូពេទ្យ កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានលះបង់ពេលវេលា ជាមួយក្រុមគ្រួសារក្តី សេចក្តីសុខផ្ទាល់ខ្លួនក្តី ដោយត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បី សុខភាពពលរដ្ឋ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីកាត់ផ្ដាច់ឬសគល់ នៃការចម្លងឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកបណ្ឌិតបានថ្លែងកោតសរសើរក្រុមគ្រូពេទ្យទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសបានជួយសង្គ្រោះ និងសម្រាលកូនដល់ស្ត្រីកំពុងធ្វើចត្តាឡីស័កទទួលបានជោគជ័យ សុវត្ថិភាពទាំងម្ដាយ និងកូន។
លោកបណ្ឌិតបានបញ្ជាក់ថា ស្ត្រីទាំង៣នាក់ដែលកំពុងចត្តាឡីស័ក និងបានផ្តល់កំណើតដល់ទារកក្នុងថ្ងែតែមួយនោះ រួមមាន៖
*ទី១៖ ឈ្មោះ ប៉ុល សូនី អាយុ៣១ឆ្នាំ នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក បានធ្វើចត្តាឡីស័កនៅមុខដា ដោយកើតបានកូនស្រីទំងន់ ៣៤០០ក្រាម។
*ទី២៖ ឈ្មោះ ហ៊ុល សាភឿន អាយុ២១ឆ្នាំ នៅភូមិល្បើក ឃុំម្រាម ស្រុករមសហែក ធ្វើចត្តាឡីស័កឃុំម្រាម កើតបានកូនប្រុសទំងន់២៩០០ក្រាម។
*ទី៣៖ ឈ្មោះ ឈុន សាម៉ា អាយុ២៥ឆ្នាំ នៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក បានធ្វើចត្តាឡីស័កនៅផ្ទះ កើតបានកូនស្រីទំងន់៣០០០ក្រាម។
លោកបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា ចាប់តាំងពីដើមឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានសម្រាលកូនជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កចំនួន០៦ករណី និងវះកាត់យកកូនចំនួន២ករណី ក្នុងនោះក៏មានជនជាតិចិនម្នាក់ផងដែរ។
*ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាស័យដ្ឋាននៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័ក ដោយទទួលបានកូនប្រុសម្នាក់ទំងន់២,៩ គីឡូក្រាម។
*ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែករមាសហែក បានសម្រាលកូនជូនស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៊ូ សាម៉ាន អាយុ២៤ឆ្នាំ ដែលបានកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឃុំកំពង់ត្រាច។
*ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ខេត្តស្វាយរៀង បានវះកាត់យកកូនជូនស្រ្ដីជាជនជាតិចិនម្នាក់ ឈ្មោះ SAN CHAT អាយុ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័កនៅមន្ទីរពេទ្យខេត្ត ដោយទទួលបានកូនស្រីម្នាក់ទំងន់៣,៤ គីឡូក្រាម។
*ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីឈ្មោះ ឡុង បូរី អាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃផ្អុង ឃុំស្វាយា ស្រុកស្វាយជ្រំ ដែលកំពុងធ្វើច័ត្តាឡឺស័កនៅមន្ទីរខេត្ត ដោយទទួលបានកូនស្រីម្នាក់ទំងន់ ៣គីឡូក្រាម។
*ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង បានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ឈ្មោះ មាស ណារ័ត្ន មានអាស័យដ្ឋាននៅភូមិត្រពាំងរំពាត់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័កមន្ទីរពេទ្យខេត្ត ដោយទទួលបានកូនប្រុសម្នាក់ ទំងន់៣គីឡូក្រាមផងដែរ។
លោកបណ្ឌិតបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ១៩នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជា មិនទាន់មានការថមថយនៅឡើយនោះទេ៕