(កណ្តាល)៖ តំណាងលោកបណ្ឌិត គុណ ញឹម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បាននាំយក អង្ករ ៤៥តោន ប្រគល់ជូនដល់រដ្ឋបាលស្រុកកៀនស្វាយ សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ នៅភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានប្រមាណជាង ៤,០០០គ្រួសារ ដើម្បីដោះស្រាយការខ្វះខាត និងតម្រូវការជាមូលដ្ឋានផ្សេងៗ ជាពិសេសនៅក្នុងគ្រាដ៏លំបាកដែលរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ-១៩។
តំណាងលោកបណ្ឌិត គុណ ញឹម ក៏បានជម្រាបជូនរដ្ឋបាលស្រុក បន្តរំលឹកនិងជម្រាបជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកកៀនស្វាយ ត្រូវអនុវត្តនូវវិធានការនានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់ព្រមទាំងវិធានសុខាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ចាប់តាំងពីមានការរាតត្បាតឆ្លងនូវជំងឺកូវីដ-១៩ នៅកម្ពុជាមក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ បាននិងកំពុងចូលរួមយ៉ាងសកម្ម ជាបន្តបន្ទាប់ក្នុងសកម្មភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជំនួយជា ថវិកាឧបករណ៍សម្ភារៈ បរិក្ខារដូចជាម៉ាស ឧបករណ៍វាស់កម្តៅ អាល់កុល សម្លៀកបំពាក់ការពារមេរោគ ម៉ាស៊ីនថតចម្លង ឧបករណ៍បំពងសំឡេងសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការផ្សព្វផ្សាយ វិធានការផ្សេងៗ ដែលបានដាក់ចេញ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន មានដូចជាអង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកក្រូច និងក្រម៉ា។
សូមជម្រាប់ដែរថា អង្ករចំនួន ៤៥តោន ដែលបានប្រគល់ជូនរដ្ឋបាលស្រុកកៀនស្វាយ គឺជាការឆ្លើយតបនឹងតម្រូវការឧបត្ថម្ភស្បៀងដល់គ្រួសារ ដែលរងផល ប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ៕