(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ បានអនុញ្ញាតឱ្យលោក ផាម ទួន ផាន នាយកប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះលោករដ្ឋមន្រ្តី លឹម គានហោ បានថ្លែងជំរុញទៅកាន់នាយកប្រតិបត្តិរូបនេះ ត្រូវរក្សាភាពមិនលម្អៀងលើព័ត៌មាននានា ហើយត្រូវធ្វើការឆ្លើយតបឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា។
លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះលោក ផាម ទួន ផាន ដែលត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិថ្មី របស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។ លោក លឹម គានហោ បានបញ្ជាក់ថា «នេះគឺជាលើកទីមួយ ដែលយន្តការតំបន់មួយនេះ មាននាយកប្រតិបត្តិ ត្រូវបានជ្រើសចេញពីប្រជាជន ដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ »។ ទន្ទឹមនឹងការអបអរសាទរលោករដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើ និងផ្តល់អនុសាសន៍ ដល់នាយកប្រតិបត្តិថ្មីសូមយកចិត្តទុកដាក់លើបញ្ហាប្រឈមសំខាន់ៗមួយចំនួនដូចជា៖ ១. ពង្រឹងការចាត់ចែង ការគ្រប់គ្រង និងដឹកនាំលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីអនុវត្តរាល់សេចក្តីសម្រេចនានា ដែលបានអនុម័តដោយគណៈកម្មការរួម និងដោយក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដើម្បីធានាឱ្យដំណើរការអន្តរកាលនៃការអនុវត្តកំណែទម្រង់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ២. បង្កើនការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដល់ការគៀងគរថវិកាជំនួយពីបណ្តាដៃគូអភិវឌ្ឍន៍ ក៏ដូចជា អង្គការអាងទន្លេនានា ដើម្បីធានាបានថវិកាគ្រប់គ្រាន់សម្រាប់ការទ្រទ្រង់ដល់ការអនុវត្តផែនការអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០១៦-២០២០ ផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ និងផែនការប្រចាំឆ្នាំ ២០១៦ របស់គណៈកម្មការទន្លេមេគង្គ។ ៣. យកចិត្តទុកដាក់តាមដាន និងរាយការណ៍លើការវិវត្តថ្មី ចំពោះគម្រោងការប្រើប្រាស់ទឹកទន្លេមេគង្គ នៅតាមបណ្តាប្រទេសជាសមាជិក ជាពិសេសគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនៅលើទន្លេមេ និងការបង្វែរទឹកពីទន្លេមេគង្គ ពីព្រោះថាលេខាធិការដ្ឋាន មានតួនាទីជាសេនាធិការបច្ចេកទេស និងរដ្ឋបាល ដើម្បីជួយដល់បណ្តាលប្រទេសជាសមាជិក ដូច្នេះក្នុងនាមជានាយកប្រតិបត្តិ គឺត្រូវរក្សាភាពមិនលម្អៀង រហ័សរហួនក្នុងការធ្វើវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មាននានា ដែលចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយ និងត្រូវផ្តល់ព័ត៌មាន ក៏ដូចជារបាយការណ៍ដល់បណ្តាប្រទេសជាសមាជិកឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា។
ជាការឆ្លើយតប លោក ផាម ទួន ផាន បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោករីករាយនឹងទទួលយកនូវអនុសាសន៍ ដើម្បីជម្រុញឱ្យការងាររបស់លោកកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ៕