(ភ្នំពេញ)៖ ក្នុងឱកាសទទួលបានការការវ៉ាក់សាំងការពារជំងឺកូវីដ១៩, កម្មករសាងសង់ក្រសួងការពារជាតិ កម្មករសាងសង់ពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងសន្តិសុខ និងអ្នកស្ម័គ្រចិត្តទាំងអស់ បានសម្តែងនូវក្តីរំភើបចិត្ត និងថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរពីសុខភាពរបស់ ប្រជាពលរដ្ឋទូទាំងប្រទេស។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក កម្មករកសាងក្រសួងការពារជាតិ និងកម្មករកសាងពហុកីឡដ្ឋានមរតកតេជោ ប្រមាណ១,៥០០នាក់ នៅពហុកីឡដ្ឋានមតរកតេជោ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។
ប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលរៀបចំចាក់ដោយ ក្រសួងការពារជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតជោ ហ៊ុន សែន គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់និន្នាការនយោបាយ ជាពិសេសនាដំណាក់កាលរាតតត្បាតជំងឺកូវីដ១៩ ជាសកលដែលសម្តេចបានខិតខំរកវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ មកចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រមទាំងអ្នកដែលអាចប្រឈមនឹងជំងឺនេះជាដើម។
បើតាមកញ្ញា ជា ឡៃវណ្ណ បម្រើការងារនៅក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ កញ្ញា មានអារម្មណ៍រំភើបណាស់ក្រោយបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ និងសូមអរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយ៉ាងយកចិត្តទុកបំផុត ដោយផ្តល់វ៉ាក់សាំងមកចាក់ជូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីសុខមាលភាពរបស់ប្រជាជនគ្រប់ៗគ្នា។
កញ្ញា ជា ឡៃវណ្ណ បានបន្តថា សូមកុំចាញ់បោកឃោសនារបស់បុគ្គលមួយចំនួនតូចឱ្យសោះ ក្រោយកញ្ញា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់គឺមិនមានបញ្ហាអ្វីនោះទេ តែផ្ទុយទៅវិញវ៉ាក់សាំងនេះ បានការពារពីជំងឺកូវីដ១៩ ខណៈប្រជាជននៅតាមបណ្តាប្រទេសជាច្រើន ក៏បានចាក់វ៉ាក់សាំផលិតពីប្រទេសចិនផងដែរ។
លោក ចាន់ត្រា ជាប្រជាពលរដ្ឋស្ម័គ្រចិត្ត មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម បានបញ្ជាក់ថា «ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ វាគឺជារឿងមួយដ៏ល្អ ខណៈបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងតែទទួលរងការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវ៉ាក់សាំងនេះអាចការពារប្រជាពលរដ្ឋយើងឱ្យរួចផុតពីគ្រោះថ្នាក់នៃជំងឺនេះជាដើម»។
បន្ថែមនេះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលទទួលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមប្រញាប់ចុះឈ្មោះឱ្យគ្រប់ៗគ្នា ដើម្បីជាផ្នែកមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ បង្ការ ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍ ជាពិសេសត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ»។
លោក កើត សែ អាយុ៦៦ឆ្នាំ ជាសន្តិសុខបម្រើការនៅក្រុមហ៊ុនរីនណៃ បានលើកឡើងថា «ពេលបានមកចាក់វ៉ាក់សាំងរួចហើយ ដូចមានអារម្មណ៍ធូរចិត្ត លែងសូវភ័យព្រួយអី ពេលចាក់វ៉ាក់សាំងហើយមិនមានធ្វើទុកអ្វីនោះទេ លោកសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកវ៉ាក់សាំង ចាក់ជូនប្រជាជន ដើម្បីការពារជំងឺកូវីដ១៩»។
លោក កើត សែ បានឱ្យដឹងថា «កាលពីខ្ញុំបានឮគេនិយាយអញ្ចេះ និងអញ្ចុះចំពោះវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប៉ុន្តែ ពេលលោកតាមដានឱ្យច្បាស់ គឺមិនដូចការពិតដូចអ្វីដែលគេបាននិយាយនោះទេ បើមានបញ្ហាមែនអ្នកចាក់មុនទាំងប៉ុន្មាន គឺរងគ្រោះហើយ ដូច្នេះ ចំពោះករណីនេះគឺអ្នកនិយាយចេះតែនិយាយនោះទេ»។
លោកស្រី គុជ ហ៊ី ជាកម្មករសំណងបម្រើការនៅម្តុំវិមានឈ្នះឈ្នះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ «នៅពេលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ។ ក្រោយចាក់ហើយ គឺមានអារម្មណ៍ធម្មតា មិនមានអ្វីប្រែប្រួលនោះទេ តែផ្ទុយទៅវិញគឺសប្បាយចិត្ត ឥតឧបមាទៅវិញ»។
គួរជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៤៩២,៣៦០នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ១៩៦,០៦៦នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧២,២៧៤នាក់។
ដោយឡែកបើគិតត្រឹមយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៥៦៥,២៩២នាក់៕