(ភ្នំពេញ)៖ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាចសន្សំសំចៃថវិកា បានជាង៩០លានដុល្លារ ពីការកែសម្រួលចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១ ដើម្បីទុកដោះស្រាយបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ លោក មាស សុខសេនសាន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងគិតថា ក្នុងការអនុវត្ដតាមសារាចរណែនាំ ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១នេះ យើងសន្សំថវិកា បានជាង៩០លានដុល្លារ»។
លោកបានអះអាងថា ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១នេះ មិនប៉ះពាល់ដល់ថវិកា ថ្នាក់ក្រោមជាតិនោះឡើយ។
បន្ថែមពីនោះទៀត លោកក៏បានឲ្យដឹងដែរថា ចំពោះកញ្ចប់ថវិកាជាង៨០០លានដុល្លារ ដែលរាជរដ្ឋាភិបាលផ្ដល់សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ គឺនៅតែបន្ដបែងចែកថវិកាជូនទៅគណៈកម្មាធិការ តាមក្រសួងស្ថាប័នរៀងៗខ្លួនដដែល។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ទៀតថា បើសិនជាទឹកប្រាក់៨០០លានដុល្លារ ដែលសម្រាប់ជួយដោះស្រាយ បញ្ហាវិបត្តិជំងឺកូវីដ១៩ មិនគ្រប់គ្រាន់ទេនោះ រាជរដ្ឋាភិបាលនឹងបន្ដត្រៀមបម្រុងថវិកាបន្ថែមទៀត។
គូសបញ្ជាក់ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំ ស្ដីពីការការធ្វើវិចារណកម្ម (ចំណាយឲ្យសមហេតុសមផល) និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១។
ការធ្វើវិចារណកម្ម ចំណាយថវិកាឡើងវិញនេះ ក្នុងបុព្វហេតុសន្សំធនធាន ដើម្បីបង្វែរថវិកាមកដោះស្រាយ បញ្ហាជាអាទិភាពនាពេលបច្ចុប្បន្ន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវី៧-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច៕