(ភ្នំពេញ)៖ អង្ករចំនួន ៥០តោន រួមនិងថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ត្រូវបានលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុនជីងហ្គាគង់ហ្គូ តាមរយៈបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំយកទៅប្រគល់ជូននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៦ ឧសភា ឆ្នាំ២០២១នេះ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសទទួលអំណោយនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុនជីងហ្គាគង់ហ្គូ ដែលបានផ្ដល់អង្ករ និងថវិកានាពេលនេះ សម្រាប់ជាប្រយោជន៍ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងត្រូវការជំនួយ។
ជាមួយនេះ តាមរយៈឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ដែលបានខិតខំស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីជួយគាំទ្រដល់រាជរដ្ឋាភិបាល ដែលកំពុងប្រឈមជំងឺរាតត្បាតកូវីដ-១៩៕