(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអះអាងថា កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីមូលដ្ឋានមួយចំនួន បានឆ្លងជំងឺកូវីដ១៩ ពេលចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ពេលរាជធានីភ្នំពេញត្រូវបាន LockDown នាពេលកន្លងទៅ។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ អភិបាលរងរាជធានីភ្នំពេញ រូបនេះបានគូសបញ្ជាក់ថា ក្រៅពីមន្ដ្រីដែលចុះចែកអំណោយនៅតំបន់ក្រហមបានឆ្លងហើយនោះ ក៏មានមន្ដ្រីមួយចំនួនទៀត ដែលយាម ឬប្រចាំការនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ ក៏បានឆ្លងដូចគ្នាផងដែរ។
ទន្ទឹមនឹងអ្វីដែលជាការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះ លោក កើត ឆែ បានឲ្យដឹងទៀតថា មន្ដ្រីមួយចំនួនទៀត ក៏កំពុងជាប់ចត្តាឡីស័កផងដែរ ក្រោយចុះទៅបំពេញការងារនៅតំបន់គ្រោះថ្នាក់។ លោកបានបន្ដថា តំបន់ខ្លះពេលកំពុងចុះចែកចាយ ស្រាប់តែរថយន្ដសាមុយរបស់មន្ទីរពេទ្យ ចុះមកអ្នកដែលមានវិជ្ជមានជំងឺកូវីដ១៩ ក្នុងចំណោមអ្នកដែលកំពុងរង់ចាំទទួលអំណោយថែមទៀតផង។
លោក កើត ឆែ បានថ្លែងយ៉ាងដូច្នេះថា «និយាយរួមយើង មានឆ្លងមន្ដ្រីអាវុធហត្ថ មន្ដ្រីនគរបាល និងមន្ដ្រីមួយចំនួនត្រូវធ្វើចត្តាឡីស័ក អញ្ចឹងតាមធម្មតាអ្នកប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដត្រូវតែធ្វើចត្តាឡីស័ក ហើយពេលខ្លះកំពុងចែកអំណោយ ស្រាប់តែឡានពេទ្យមកយកអ្នកជំងឺកូវីដ១៩ ក្នុងចំណោមអ្នកទទួលអំណោយ»។
ប៉ុន្ដែចំពោះចំនួនជាក់លាក់ប៉ុន្មាននាក់នោះ អភិបាលរងរាជធានីភ្នំពេញ កើត ឆែ មិនទាន់អាចបញ្ជាក់ឲ្យដឹងបាននៅឡើយទេ គ្រាន់តែបញ្ជាក់ជារួមតែប៉ុណ្ណោះ៕