(តូក្យូ)៖ តុលាការជប៉ុន នៅថ្ងៃពុធនេះ បានបញ្ជាឲ្យបិទរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនពីរកន្លែង ទៅលើកង្វល់សុវត្ថិភាព ខណៈដែលថ្ងៃគម្រប់ខួបទី៥នៃគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ខិតជិតមកដល់ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ HNK នៅរសៀលថ្ងៃទី០៩ ខែមីនា។
រោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលត្រូវបិទនោះគឺជារោងចក្រ No.3 និង No.4 ស្ថិតនៅក្នុងតំបន់ ហ្វូគូស៊ីម៉ា ដោយរោងចក្រទាំងពីរនេះ បច្ចុប្បន្នមានមួយកំពុងតែដំណើរការ និងមួយទៀតបានផ្អាកដំណើរការ។ បន្ទាប់ពីតុលាការបញ្ជាឲ្យបិទរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរនេះ ពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានបង្ហាញអារម្មណ៍រីករាយ ព្រោះខ្លាចក្រែងកើតមានករណីផ្ទុះរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរម្ដងទៀត ដោយសារគ្រោះរញ្ជួយដីកម្រិត ៩រ៉ិចទ័រ៕