(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅផ្សារសុភមង្គល ក្បែរផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ «តំបន់ក្រហម» ក្នុងក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឲ្យអាជ្ញាធរបានយកអំណោយទៅចែកជូនពួកគាត់ទាន់ពេលវេលា ដើម្បីដោះស្រាយជីវភាពក្នុងដំណាក់ការរីករាលដាលជំងឺកូវីដ១៩។
ការថ្លែងអំណរគុណនេះ បន្ទាប់ពីពួកគាត់ស្ថិតនៅក្នុងតំបន់បិទខ្ទប់ «តំបន់ក្រហម» ទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភជាស្បៀងអាហារជាបន្តបន្ទាប់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយះរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌឫស្សីកែវ និងរដ្ឋបាលសង្កាត់ទួលសង្កែទី១ ព្រមទាំងអាជ្ញាធរភូមិផងដែរ កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកស្បៀងអាហារតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងស្បៀងអាហាររបស់សប្បុរសជន មកចែកជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាត (មុនក្រោយ) ចំនួន១១០៥គ្រួសារបន្ថែមទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិតនៅផ្សារសុភមង្គល ក្បែរផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ «តំបន់ក្រហម» ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
សកម្មភាពសមធម៌របស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលបានធ្វើឡើងជាបន្តបន្ទាប់ និងស្ទើរតែរៀងរាល់នេះ ក្រោយពីរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿង» និង «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ជាមួយការចែកស្បៀងអាហារជូនប្រជាពលរដ្ឋនេះ លោក ជា ពិសី បានគូសបញ្ជាក់ថា មិនមានការតម្លើងថ្លៃទឹក-ភ្លើង ដូចការលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សូមបង-ប្អូនប្រជាពលរដ្ឋ មេត្តាកុំមានការយល់ច្រឡំ។
លោក ជា ពិសី បានគូសបញ្ជាក់ទៀតថា អាជ្ញាធរបានខិតខំប្រឹងប្រែងទាំងដុតដៃដុតជើងនាំយកស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងស្បៀងអាហាររបស់សប្បុរសជននានា មកចែកជូនជាបន្តបន្ទាប់ ជូនបង-ប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្រោយពីរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿង» និង «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បន្ថែមពីនេះ លោក ជា ពិសី បានអំនាវឱ្យប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕