(ភ្នំពេញ)៖ អ្វីដែលជាចម្ងល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការចេញ-ចូលរាជធានីភ្នំពេញ ក្រោយបញ្ចប់ការបិទខ្ទប់ (Lockdown) ត្រូវបានលាតត្រដាងតាមរយៈសន្និសីទ សារព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអះអាងថា សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើដំណើរចេញទៅតាមបណ្ដាខេត្តផ្សេងៗបាន ប៉ុន្ដែត្រូវតែគោរពតាមវិធានរបស់ខេត្តនីមួយៗ ដែលខ្លួនចង់ទៅ ពិសេសការតម្រូវឲ្យយកសំណាក ឬការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិតជាដើម។
ដោយឡែក សម្រាប់អ្នកដែលរស់នៅតាមបណ្ដាខេត្ត ដែលមិនមានហានិភ័យ ពោលមិនមានការឆ្លងរីករាលដាលខ្លាំងនោះ ក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរ ប៉ុន្ដែត្រូវតែគោរពតាមវិធានការនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសត្រូវកំណត់ច្បាស់ បុគ្គលនោះមិនមែនជាអ្នកមកពីតំបន់ហានិភ័យ។
សូមជម្រាបថា តាមរយៈសេចក្ដីណែនាំថ្ងៃទី០៤ ខែឧសភា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់ចំណុចទី៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ដ្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។
សម្រាប់អ្នកដែលធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការររក្សាគម្លាតសុវត្ថិភាព និងការពង្រឹងវិធានការចត្តាឡីស័កជាដើម។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ តាមបណ្ដាខេត្តផ្សេងៗជាច្រើន បានប្រកាសដាក់ចេញនូវវិធានការរៀងៗខ្លួនជាបន្ដបន្ទាប់ ដូចជាការតម្រូវឲ្យអ្នកដែលធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេង ហើយមានបំណងចូលមកធ្វើការ ឬមកលេងសាច់ញាតិនៅក្នុងខេត្ដរបស់ខ្លួន គឺតម្រូវឲ្យយកសំណាកពិនិត្យរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត៕