(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ «រសជាតិបែបបារាំង» ដោយមានការធ្វើម្ហូបពិសេសជាច្រើន ពីសំណាក់ភោជនីយដ្ឋានល្បីៗចំនួន១០ នៅក្នុងរាជធានីភ្នំពេញ និង ខេត្តសៀមរាប ដើម្បីឲ្យ ភ្ញៀវបានភ្លក្សរសជាតិអាហារបែបបារាំង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ព្រឹត្តិ ការណ៍ «រសជាតិបែបបារាំង» បានធ្វើឡើងរួចម្តងមកហើយកាលពីឆ្នាំ២០១៥ នៅក្នុងរាជធានីភ្នំពេញ ដោយមានភោជនីយដ្ឋានចំនួន ៤ប៉ុណ្ណោះ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ សម្រាប់ឆ្នាំ២០១៦នេះ នឹងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយ មានភោជនីយដ្ឋានល្បីៗ ចំនួន១០ បានចុះឈ្មោះចូលរួម។
ស្ថានទូតបារាំង បានបញ្ជាក់ថា ព្រឹត្តិការណ៍ «រសជាតិបែបបារាំង» ដែលត្រូវបានរៀបចំឡើង ក្នុងគោលដៅលើកស្ទួយគំនិត ច្នៃប្រឌិត និងភាពល្អឯក នៃម្ហូបបារាំង។
សូមបញ្ជាក់ថា អាហារបារាំង ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍ នៃមនុស្សជាតិ កាលពីឆ្នាំ២០១០។ ព្រឹត្តិការណ៍អាហារពេលល្ងាច «រសជាតិបែបបារាំង (Goût de France / Good France)» ត្រូវបានរៀបចំឡើងលើកទី១ កាលពីឆ្នាំ ២០១៥ ដោយមានការចូលរួមពីសំណាក់ភោជនីយដ្ឋានចំនួន ១,៣០០ និង ស្ថានទូតបារាំង នៅជុំវិញពិភពលោករួចមក។
ប្រភពដដែលបានឲ្យដឹងថា បន្ទាប់ពីការរៀបចំអាហារពេលល្ងាចនេះ សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា នឹងរៀបចំកម្ម វិធីជួបជុំ និង ពិភាក្សាការងារជាច្រើនចាប់ពីថ្ងៃទី២២ ដល់ទី២៦ ខែ មីនា សម្រាប់សមាជិករបស់ខ្លួន ក៏ដូចជាសហគមន៍ជំនួញដោយ មានការចូលរួមផងដែរពីភោជនីយដ្ឋាន ដែលគាំទ្រយុទ្ធនាការ «រសជាតិបែបបារាំង»។
ព្រឹត្តិការណ៍ខាងលើនឹងប្រព្រឹត្តទៅស្របពេល នៃការប្រារព្ធសប្តាហ៍ហ្វ្រង់កូហ្វូនី ដោយសារប្រទេសកម្ពុជាជាសមាជិកស្ថាបនិកមួយ របស់អង្គការអន្តជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង(OIF)។ ក្រៅពីកម្មវិធីកម្សាន្តនៅតាមសាកលវិទ្យាល័យនានា នឹងមានការបញ្ចាំងភាពយន្ត ការធ្វើសន្និសីទ និង ការប្រគុំតន្ត្រីសម្រាប់សាធារណជនទូទៅនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែមីនា។ នៅក្នុងឱកាសនោះ អ្នកចម្រៀងជប៉ុន Wasaburo Fukuda នឹងបកស្រាយបទចម្រៀងជាភាសាបារាំងនៅ ថ្ងៃទី២៤ ខែមីនា នៅវិទ្យាស្ថានបារាំង។
ជាចុងក្រោយ នៅថ្ងៃទី២៦ ខែមីនា នឹងមានពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីនៃការប្រកួតប្រជែងរង្វាន់«ក្រុមហ៊ុនដែលមានទំនួល ខុសត្រូវផ្នែកសង្គម» ក្រោមវត្តមានរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងលោក ហ្សង់-ក្លូដពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
ការប្រឡងប្រណាំង ដែលមានការចូលរួមពីក្រុមហ៊ុនបារាំងនៅកម្ពុជាចំនួន១៣នេះ មានគោលដៅផ្តល់ការលើកទឹកចិត្តដល់ការអនុ វត្តល្អៗ និងលើកកម្ពស់ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុននានានៅកម្ពុជា។ ការប្រកួតប្រជែងនេះ ក៏ឆ្លុះបញ្ចាំងផងដែរពីការរួម ចំណែករបស់សហគមន៍ធុរកិច្ចបារាំង នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង ទំនួលខុសត្រូវសង្គមនៅកម្ពុជា៕