(ភ្នំពេញ)៖ សប្បុរសជនចំនួន៣ក្រុម ក្នុងនោះមានសមាគមធនាគារនៅកម្ពុជា ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី និងក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន ឯក បានប្រគល់ថវិកា ស្បៀងអាហារ និងសម្ភារការពារជំងឺរាតត្បាត ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលកូវីដ១៩។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែឧសភានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ហើយក្រុមហ៊ុន ២ទៀត ទទួលដោយអភិបាលរងរាជធានីភ្នំពេញចំនូន២រូបទៀត។
អំណោយរបស់សមាគមធនាគារនៅកម្ពុជា ដែលទទួលដោយលោក ឃួង ស្រេង រួមមាន៖ ថវិកា ចំនួន ២,៥០០ដុល្លារ អង្ករចំនួន ២៣តោន ត្រីខ ចំនួន ១,១២៩យួរ មីម៉ាម៉ា ចំនួន ១,២០០កំប៉ុង ម៉ាស់ ចំនួនៈ ៥ ៧០០បអប់ ទឹកជែលលាងដៃ ចំនួន ២,៧០០ដបនិង ទឹកអាល់កុល ចំនួន ១,២០០លីត្រ។
*ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី ប្រគល់ទឹកដោះគោស្រស់ចំនួន១០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។
*ក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន បានប្រគល់ជូនអង្គរ៥០០គីឡូក្រាម ត្រីខ ៥០យូរ មី៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលដោយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ផងដែរ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំង៣ក្រុម ដែលបានឧបត្ថម្ភថវិកា ស្បៀងអាហារ និងសម្ភារការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។
លោកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕