(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការបន្ដពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ១៩។
ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអភិបាលខេត្តកំពង់ចាម ដាក់បទបញ្ជាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាល ដែលរដ្ឋបាលខេត្ដដាក់ចេញដូចខាងក្រោម៖
ត្រូវបន្ដផ្អាកជាបណ្ដោះអាសន្ននូវ៖
* ទីតាំងដេប៉ូចែកចាយស្រាបៀរគ្រប់ប្រភេទ អាហារដ្ឋាន និងកន្លែងដែលមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
* សកម្មភាពអាជីវកម្មពេលរាត្រី រួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សាររាត្រី ផ្សារទំនើប ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹកជាកំហិត ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
* រាល់សកម្មភាពកីឡា និងការប្រមូលផ្ដុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់លៀងកម្សាន្ដសប្បាយនានានៅតាមគេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន
* រាល់សកម្មភាពប្រមូលផ្ដុំ ការជួបជុំបែបសាសនា ឬការថ្វាយបង្គំ៕
ខ្លឹមសារលម្អិត សូមអានសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម៖