(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការចាំបាច់មួយចំនួន ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្ត។
ក្នុងសេចក្តីណែនាំធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំឱ្យអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនលើវិធានការចាំបាច់មួយចំនួន ដែលរួមមានវិធានការសម្រាប់ការអនុវត្តន៍ជាទូទៅក្នុងខេត្ត ដែលតម្រូវឱ្យប្រជាពលរដ្ឋក្នុងខេត្តអនុវត្តន៍នូវវិធានការនានារបស់រាជរដ្ឋាភិបាល វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នានា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ អនុវត្តអនាម័យជាប្រចាំលាងដៃជាមួយនឹងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគ ឱ្យបានញឹកញាប់ ពាក់ម៉ាស វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាពនៅកន្លែងដែលមានមនុស្ស ច្រើន ព្រមទាំងអនុវត្តវិធានការ «ពាការពារ និង ៣កុំ» ឱ្យបានខ្ជាប់ខ្លួន និងចៀសវាងការ ធ្វើដំណើរដោយមិនចាំបាច់ចេញក្រៅផ្ទះ ឬឆ្លងកាត់ទៅរាជធានី-ខេត្តផ្សេង។
រដ្ឋបាលខេត្ត បន្តហាមឃាត់ជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង ពិធីជួបជុំគ្នា គ្រប់ប្រភេទ រួមទាំងពិធីសាសនាផ្សេងៗ ការជួបជុំពិសាគ្រឿងស្រវឹង ឬភេសជ្ជៈ និងបន្ត បិទជាបណ្តោះអាសន្ននូវហាងខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា ស្ទីមសូណា ក្លឹបកម្សាន្តគ្រប់ប្រភេទ ការលេងកីឡា ក្លឹបហាត់ប្រាណ ហាងលក់ និងសេព គ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត សារមន្ទីរ ការប្រគំតន្ត្រី ការដាក់តាំងពិព័រណ៍លក់ ទំនិញ និងពិធីផ្សេងៗដែលមានមនុស្សប្រមូលផ្ដុំជួបជុំគ្នាក្នុងចំនួនច្រើន។
ក្រៅពីវិធានការទូទៅនេះ រដ្ឋបាលខេត្តក៏បានណែនាំនូវការអនុវត្តវិធានការចាំបាច់មួយចំនួន ចំពោះការធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប, វិធានការចំពោះបុគ្គល ឬនីតិបុគ្គល ដែលមិនសហការនូវវិធានការទាំងឡាយរបស់រដ្ឋបាលខេត្ត និង។
ក្នុងសេចក្តីណែនាំនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងប្រជាពលរដ្ឋចូលមកស្នាក់នៅក្នុងមូលដ្ឋាន ឬចំណូលស្រុក មកពីតំបន់ដែលបានបិទខ្ទប់ និងតំបន់ដែលមានហានិភ័យខ្ពស់ ត្រូវឱ្យពិនិត្យ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក៕