(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរងនាយសេនាធិការចម្រុះ នៃកងយោធពល ខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចុះពិនិត្យស្ថានភាពតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួន នៅទូទាំងរាជធានីភ្នំពេញ ពិសេសនៅក្នុងតំបន់បុរីជីបម៉ុង សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ដើម្បីពង្រឹងការងារនៃការចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសឱ្យពួកគាត់រក្សាគម្លាតសុវត្ថិភាពនិងពាក់ម៉ាស ទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩។
លោក ឃួង ស្រេង និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមាននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។
ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនោះ អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរក៏ដូចជា ក្រុមការងារដែលអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយក ការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ដែលប្រឈមមុខ និងការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ដើម្បីបន្សាំតំបន់មានហានិភ័យខ្ពស់ ក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្នុងមូលដ្ឋានខណ្ឌចំនួន៤ ដែលមានការរីករាលដាលកូវីដធ្ងន់ធ្ងរ ក្នុងនោះមានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌកំបូល ដោយចាប់អនុវត្តចាប់ពី ថ្ងៃទី០១ ខែឧសភា តទៅ ក្នុងផែនការផ្តល់ជូនជាង៥០ម៉ឺននាក់ រស់នៅតំបន់ក្រហម ហើយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ បើបើគិតពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែឧសភានេះ មានពលរដ្ឋជាង ១៤ម៉ឺននាក់ ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន ចំនួន១លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា ដោយថ្ងៃទី១១ នឹងមកដល់ចំនួន៥០ម៉ឺនដូស និងថ្ងៃទី១៥ ខែឧសភា នឹងមកដល់ចំនួន៥០ម៉ឺនដូសទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមសារសំឡេងមួយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះថា «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហមមិនខ្វះទេ ថ្ងៃទី១១ នឹងមកដល់៥០ម៉ឺនដូស ហើយថ្ងៃទី១៥ មកដល់៥០ម៉ឺនដូសទៀត គឺយើងមាន១លានដូសនៅក្នុងដៃ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ។ ដោយសម្តេចបានបញ្ជាក់ថា វ៉ាក់សាំងមិនមានការខ្វះខាតនោះទេ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់ក្រហម ទាំងអស់ជាង៥២ម៉ឹននាក់ ដោយចាក់ដូសទី១ ឱ្យអស់រួចហើយ ចាំចាប់ផ្តើមបន្តចាក់វ៉ាក់សាំងដូសទី២។
កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន៖ ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស៕