(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាក្រីក្រីគ្មានទីពឹង បានចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថវិកាឧបត្ថម្ភប្រចាំខែឧសភា របស់នាយឧត្តមសេនីយ៍ អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ជូនលោកយាយលោកតា ចាស់ជរាគ្មានទីពឹងទូទាំងខេត្តប៉ៃលិន ដើម្បីជួយសម្រួលពីទុក្ខលំបាកក្នុងគ្រាកំពុងជួបបញ្ហាវិបត្តិជំងឺកូវីដ១៩។
ពិធីនេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋានយុវជន ស.ស.យ.ក ខេត្ត នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ។ ការផ្តល់មូលនិធិនេះ រៀបចំនៅការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ រីឯលោកយាយលោកតា មានជំងឺពិបាកធ្វើដំណើរមកទទួលក្រុមការងារបានយកថវិកាទៅជូនដល់គេហដ្ឋានផ្ទាល់តែម្តង។
ក្នុងឱកាសនោះដែរ លោកស្រី បាន ស្រីមុំ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន តែងតែទទួលប្រាក់មូលនិធិប្រចាំខែពីលោកស្រី ជាក់ស្តែងនៅពេលនេះ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ដឹកនាំដោយលោកស្រាីផ្ទាល់ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិផ្តល់ជូនពួកគាត់ ក្នុងម្នាក់ចំនួន ១០០.០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានពានាំនូវការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធាន «៣ការពារ និង៣កុំ» និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ដូច្នេះ យើងរាល់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រូវរស់នៅត្រូវស្អាត មានអនាម័យ លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញក្រៅ មិនត្រូវប្រមូលផ្តុំគ្នា ត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវពេលចេញទៅក្រៅ និងរក្សាគំលាតសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា មូលនិធិគាំទ្រសុខភាព និង សង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីនាយឧត្តមសេនីយ៍ អ៉ី ឈាន និងលោកស្រី បាន ស្រីមុំអភិបាលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន មិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ។
ចំណែកលោកតា លោក យាយចាស់ជរា បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកី បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ ក៏សូមជូនពរឱ្យសម្តេចតេជោ និងសម្តេចកិត្តិព្រទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមឱ្យឈ្នះនូវឧបទ្រុពចង្រៃ និងជំងឺកូវីដ១៩ ផងដែរ៕