(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកស្បៀងអាហារតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហាររបស់សប្បុរសជន មកចែកជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាត (មុនក្រោយ) ចំនួន១១០៥គ្រួសារបន្ថែមទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពីរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿង» និង «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងសកម្មភាពសមធម៌ចែកស្បៀងអាហារសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត របស់រដ្ឋបាលខណ្ឌឫស្សីកែវ និងសប្បុរសជន ជូនប្រជាពលរដ្ឋ (មុនក្រោយ) ចំនួន១១០៥គ្រួសារនេះ បានរៀបចំធ្វើឡើង ស្ថិតនៅផ្សារសុភមង្គល «តំបន់ក្រហម» ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
ជាមួយការចែកស្បៀងអាហារជូនប្រជាពលរដ្ឋនេះ លោក ជា ពិសី បានគូសបញ្ជាក់ថា មិនមានការតម្លើងថ្លៃទឹក-ភ្លើង ដូចការលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ជនឆ្លៀតឱកាសមួយក្ដាប់តូច ក្នុងគោលបំណងគេងចំណេញនយោបាយ នោះទេ សូមបង-ប្អូនប្រជាពលរដ្ឋ មេត្តាកុំមានការយល់ច្រឡំ។
លោក ជា ពិសី បានគូសបញ្ជាក់ទៀតថា ក្រៅពីមិនមានការតម្លើងថ្លៃទឹក-ភ្លើង ដូចការលើកឡើងរបស់ជនឆ្លៀតឱកាសមួយក្ដាប់តូច ក្នុងគោលបំណងគេងចំណេញនយោបាយ, គឺមានតែអាជ្ញាធរ ខិតខំប្រឹងប្រែង ទាំងដុតដៃដុតជើងនាំយកស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងស្បៀងអាហាររបស់សប្បុរសជននានា មកចែកជូនជាបន្តបន្ទាប់ ជូនបង-ប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្រោយពីរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿង» និង «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បន្ថែមពីនេះ លោក ជា ពិសី បានអំនាវឱ្យប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕